រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សមាគមនារីអាស៊ានចំនួន ២៤ ប្រទេសទៅទស្សនៈកិច្ចទេសភាពតំបន់ប្រាសាទសំបូរព្រៃគុក

ក្រោយពីរមនីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៧ រួចមក ពីមួយថ្ងៃទីមួយថ្ងៃគេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាទេសភាពតំបន់ប្រាសាទសំបូរព្រៃគុក មានការកើនឡើងយ៉ាងឆាប់រហ័ស។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិកាក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមនារីអាស៊ានកម្ពុជា (AWC) បានដឹកនាំសមាជិកសមាគមនារីអាស៊ានចំនួន ២៤ ប្រទេស ទៅទស្សនាប្រាសាទសំបូរព្រៃគុក ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត និងមន្ត្រីរាជការជាច្រើននាក់ទៀត។

ក្នុងដំណើរទស្សនៈកិច្ចនេះដែរ លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍទាំងយប់ទាំងថ្ងៃ បានផ្ដល់ឱកាសឲ្យតំបន់ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំ បង្អួតសោភ័ណភាព ដ៏ស្រស់ត្រកាលរបស់ខ្លួន ទៅកាន់ពិភពលោកជាថ្មីម្ដងទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ បានដឹកនាំប្រទេសមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ រហូតមានលទ្ធភាពសុំចុះបញ្ជីវប្បធម៌រូបី និងអរូបីជាច្រើន ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាក់ស្ដែងដូចជាប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនេះជាដើម។

លោកជំទាវ ខេង សំវ៉ាដា បានលើកឡើងថា ដោយសារប្រទេសកម្ពុជាបច្ចុប្បន្នពិតជាមានសុខសន្តិភាព មានស្ថេរភាពពេញផ្ទៃប្រទេស ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ធ្វើដំណើរទស្សនា តាមរមនីយដ្ឋានគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាច ដូចមុនទៀតទេ នេះក៏ដោយសារប្រទេសកម្ពុជាអាចស្វែងរកកត្តាសុខសន្តិភាពនេះបាន រហូតដល់បច្ចុប្បន្ន ហើយកម្ពុជា ក៏ធ្លាប់ជាប្រទេសមានអារ្យធម៌ខ្ពង់ខ្ពស់ល្បីល្បាយ តាំងពីសម័យបុរាណកាលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងនោះដែរ លោកជំទាវបានអំពាវនាវដល់សមាជិកអាស៊ានទាំងអស់ជួយផ្សព្វផ្សាយគាំទ្រដល់សម្បត្តិវប្បធម៌ អរិយធម៌ខ្មែរ ឲ្យពិភពលោកបានស្គាល់ មានភាពល្បីល្បាញបន្ថែមទៀត និងជួយថែរក្សាការពារសម្បត្តិវប្បធម៌នេះ ឲ្យបានគង់វង្សយូរអង្វែងថែមទៀត ។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ តំបន់ប្រាសាទនេះ ជារាជធានីខ្មែរបុរាណនាសម័យចេនឡា មានឈ្មោះថា «ឥសានបុរៈ» និងជាមជ្ឈមណ្ឌលសាសនាដ៏ធំ កសាងឡើងក្នុងវជ្ជកាលព្រះបាទឥសានវរ្ម័នទី១ អំឡុងសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។ ក្រុមប្រាសាទនេះសាងសង់ឡើងអំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ មានរូបចម្លាក់ដ៏ច្រើនសម្បូរបែប ដែលត្រូវបានរចនាលម្អលើជញ្ជាំងប្រាសាទ កំពែងប្រាសាទ និងមានរូបចម្លាក់ព្រះសិវៈ និងព្រះមហេសីរបស់ព្រះអង្គ តម្កល់ក្នុងប្រាសាទមួយចំនួនផងដែរ។តាមការស្រាវជ្រាវបានឲ្យដឹងថា នៅតំបន់នោះមានប្រាសាទតូចធំប្រមាណ ២៩៣ប្រាង្គ ដែលចែកចេញជា៣ក្រុមធំៗ រួមមាន៖ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។ តំបន់ប្រាសាទក្នុងរាជធានី មានបណ្ដោយ ៦គីឡូម៉ែត្រ និងទទឹង ៤គីឡូម៉ែត្រ ព្រមទាំងតំបន់ជុំវិញទៀត ពោលមានវិសាលភាពធំធេងណាស់។

ចប់កម្មវិទស្សនកិច្ចសមាគមនារីអាស៊ានបានឧបត្ថម្ភថវិកា ដល់របាំជនជាតិដើមភាគតិចគួយចំនួន ១លាន ២សែនរៀលផងដែរ។

 

Related Post