រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វត្តសានគរ បោះពុម្ពសៀវភៅធម៌ «តម្លៃជីវិត» ចំនួន ៦ពាន់ក្បាល ចែកជូនពុទ្ធបរិស័ទ្ធ និងសិស្សានុសិស្ស

ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពីធីសំណេះសំណាល និងកាត់ខ្សែបូរណ៌ឆ្លងសៀវភៅធម៌ “តម្លៃជីវិត” ចំនួន ៦ពាន់ក្បាល នៅវត្តសានគរ ស្ថិតនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចែកជូនពុទ្ធបរិស័ទ្ធ និងសិស្សានុសិស្ស សម្រាប់ជាការអប់រំបែបព្រះពុទ្ធសាសនា ដល់ប្រជាពលរដ្ឋខ្មែរទូទៅ។

លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍ដោយលើកឡើងថា ការបោះពុម្ពសៀវធម៌ “តម្លៃជីវិត” ចំនួន ៦ពាន់ក្បាល ដែលនិពន្ធដោយភិក្ខុ សន្តញ្ញាណោ ថោង ថាន បានពិពណ៌នាអំពីជីវិត និងការរស់នៅ របស់មនុស្សប្រចាំថ្ងៃ ដោយលើកយកទ្រឹស្តី ព្រះពុទ្ធសាសនាមកពន្យល់ពាក់ព័ន្ធនឹងការអប់រំ ផ្នែកសីលធម៌ ចរិយាធម៌ ប្រពៃណី ទំនៀមទំលាប់ និងការប្រព្រឹត្តសាងនូវសុច្ចរិតធម៌ ដើម្បីឲ្យក្លាយទៅជាមិត្តល្អ កូនល្អ សិស្សល្អ បរិស័ទ្ធល្អ ពលរដ្ឋល្អ របស់ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ដោយសារយើងទាំងអស់គ្នា គឺសុទ្ធជាពុទ្ធសាសនិក ហើយកាន់ព្រះពុទ្ធសាសនា បានបង្រៀនឲ្យយើងចេះធ្វើអំពើល្អ ចេះធ្វើបុណ្យ ធ្វើទាន ចេះជួយយកអាសារគ្នា មានសទ្ធាជ្រះថា្លក្នុងការធ្វើបុណ្យធ្វើទាន ទោះបីតិចក្តី ច្រើនក្តី ធ្វើឲ្យសមិទ្ធិផលក្នុងវត្តនេះ មានការរីកចម្រើន និងមានការអភិវឌ្ឍទំនើបកម្ម ក្នុងព្រះពុទ្ធសាសនាយុគ្គសម័យថ្មី ដើម្បីរក្សាវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែយូរអង្វែង និងជាថ្នាលសម្រាប់បណ្តុះបណ្តាលទាំងចំណេះដឹង ក្រមសីលធម៌ អប់រំចិត្តមនុស្ស តំាងចិត្តស្ងប់ស្ងាត់ មានព្រះធម៌នៅក្នុងខ្លួន ជាពិសេសដល់ក្មេងៗជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី ដើរផ្លូវធម៌តាមគន្លងសុចរិតទៀងត្រង់។

ឯកឧត្តមបន្ថែមទៀតថា នេះគឺជាការរួមចំណែករបស់ព្រះសង្ឃ ដែលមានគំនិតជួយដល់សង្គជាតិ តាមផ្នែកអប់រំ និងបានប្រើប្រាស់ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការនិពន្ធសៀវភៅអប់រំ បែបព្រះពុទ្ធសាសនា។ ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទំាងអស់ ត្រូវខិតខំរៀនសូត្រ ត្រូវបង្កើននូវការអានសៀវភៅ ឲ្យបានច្រើន ដើម្បីការចងចាំបានល្អ ប្រសើរជាងចំណាយពេលវេលាទៅអ្វីមួយ ដែលមិនមានប្រយោជន៍ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរារណ៍។

បន្ទាប់ពីសំណេះសំណាល ឯកឧត្តម សុខ លូ បានចែកសៀវភៅជានិមិត្តរូបដល់ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបានចូលរួមបច្ច័យក្នុងកម្មវិធីបុណ្យចំនួន ៣,៨០៦,០០០រៀល និង ៦០ដុល្លា ព្រមទំាងជួយឧបត្ថម្ភដល់ការបោះពុម្ភសៀវភៅធម៌ ចំនួន ១ពាន់ដុល្លា ផងដែរ។

Related Post