រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បន្ដពង្រឹង និងលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខណៈបច្ចុប្បន្នមានប្រជាពលរដ្ឋយល់ដឹងច្រើនពីផ្នែកអនាម័យ

នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីបន្ដពង្រឹង និងលើកកម្ពស់អនាម័យជនបទ ខណៈពេលបច្ចុប្បន្នមានប្រជាពលរដ្ឋយល់ដឹងច្រើន ពីផ្នែកអនាម័យ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរងក្រុងស្រុក មន្ទីរអង្គភាពជាប់ពាក់ព័ន្ធ និងអង្គកាដៃគូរក្រៅរាជរដ្ឋាភិបាលជុំវិញខេត្ត។

លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លើកឡើងថា ការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបង្ហាញពីគោលដៅ គោលបំណងនៃការធ្វើគម្រោង និងសកម្មភាពអនុវត្តកម្មវិធីទៅដល់ភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំរួមមាន៖ អង្គការ IDE, អង្គការស្រែខ្មែរ, អង្គការទ្រទ្រង់ស្រ្តីខ្មែ,រ អង្កការអភិវឌ្ឍន៍សហគមន៍, អង្គការ Plan, អង្គការការីសតាស, អង្គការហូម, អង្គការបរិស្ថាន និងអភិវឌ្ឍន៍ និងអង្គការពន្លឺអភិវឌ្ឍន៍។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ វិមាន បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្កការក្រៅរាជរដ្ឋាភិបាល ដែលបានមានការយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើង និងសម្រេចឲ្យបានតាមគោលដៅដែលបានគ្រោងទុក ព្រោះយើងមានគោលបំណងដូចគ្នា នោះគឺការកែទម្លាប់រស់នៅមិនល្អ និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត ទឹកស្អាត និងអនាម័យ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រោះជំងឺភាគច្រើនកើតមកពីការទទួលទានទឹកមិនស្អាត ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃ និងកុមារ។

ដូច្នេះជោគជ័យលើវិស័យទឹកស្អាត និងអនាម័យ ដើម្បីកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារ ឲ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា ជាទំពាំងស្នងឬស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិនាពេលអនាគត និងធ្វើយ៉ាងណាផ្លាស់ប្តូរទម្លាប់ របស់ប្រជាពលរដ្ឋពីការប្រើប្រាស់ទឹកមិនស្អាត មកប្រើប្រាស់ទឹកដែលមានសុវត្ថិភាព និងប្តូរទម្លាប់ពីការបន្ទោរបង់ពាសវាលពាសកាលមកប្រើប្រាស់បង្គន់អនាម័យវិញ។ នៅពេលប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់បានហើយ ពេលនោះពួកគាត់នឹងផ្តើមធ្វើអ្វីៗដោយខ្លួនគាត់ផ្ទាល់ឆ្ពោះទៅរកគុណភាពជីវិតល្អប្រសើរ។

Related Post