រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រុងស្ទឹងសែន

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមជាគណអធិបតីក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ផ្តោតសំខាន់លើប្រធានបទ៖ សេវាសាធារណៈ ភូមិ-ឃុំមានសុវត្ថិភាព ការគ្រប់គ្រងសំណល់រឹងរាវក្នុងក្រុង សណ្តាប់ធ្នាប់សាធារណៈទីប្រជុំជនក្នុងក្រុង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ការបង់ពន្ធលើអចលនទ្រព្យ។

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា វេទិកានាឱកាសនេះ បានលើកកម្ពស់ គណនេយ្យភាព តម្លាភាព ផ្តល់ជូនប្រជាពលរដ្ឋ ដែលបានចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំនួរ សំណូមពរ ឬមតិយោបល់ផ្ទាល់ខ្លួន ដាក់ជូនមន្ត្រីជំនាញ ដើម្បីធ្វើការឆ្លើយបំភ្លឺនូវរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋដែលបានជួបប្រទះកន្លងមក ម្យ៉ាងវិញទៀត សូមឲ្យអាជ្ញាធរក្រុងស្រុកទំាងអស់ ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

បន្ទាប់ពីប្រជាពលរដ្ឋបានលើកជាសំនួរ និងសំណូមពរជាច្រើនរួចមក មន្ត្រីជំនាញតាមមន្ទីរអង្គភាពពាក់ព័ន្ធ បានធ្វើការឆ្លើយបំភ្លឺ នូវបញ្ហាមួយចំនួន និងផ្តល់នូវមតិយោបល់ ជូនដល់ម្ចាស់សំនួរ ក៏ដូចជាប្រជាពលរដ្ឋ។

ឯកឧត្តម សុខ លូ មានការកោតសរសើរ ដល់មន្ត្រីជំនាញដែលបានខិតខំបំពេញការងារនៅតាមមន្ទីរអង្គភាពជំនាញកន្លងមក ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានជម្រុញដល់មន្ត្រីជំនាញទាំងអស់ ត្រូវខិតខំធ្វើការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់ក្នុងខេត្ត ត្រូវលុបបំបាត់រាល់សកម្មភាពសំណង់អាណាធិបតេយ្យខុសច្បាប់ ដែលកន្លងមកតែងតែបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋមួយចំនួនលួចសាងសង់សំណង់ដោយមិនមានការសុំច្បាប់ និងរំលោភយកដីរដ្ឋជាដើម។ ចំពោះការបញ្ហា ភូមិ-ឃុំមានសុវត្ថិភាព ការគ្រប់គ្រងសំណល់រឹងរាវក្នុងក្រុង សណ្តាប់ធ្នាប់សាធារណៈទីប្រជុំជនក្នុងក្រុង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ការបង់ពន្ធលើអចលនទ្រព្យ គឺជាការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរក្រុងគ្រប់លំដាប់ថ្នាក់ ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវមានវិធានការយ៉ាងម៉ត់ចត់ ជាពិសេស ត្រូវដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ដោយមិនចាំបាច់មានការសំណូមពរពីប្រជាពលរដ្ឋឡើយ។

ម្យ៉ាងវិញទៀតខេត្តកំពង់ធំ បានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនារមនីយដ្ឋានប្រាសាទសំបូរព្រៃគុក មានការកើនឡើង។ ទន្ទឹមនោះដែរ សម្រាប់ក្រុងស្ទឹងសែន អាជ្ញាធរខេត្តកំពុងតែគិតគូរពីសោភ័ណ្ឌភាពក្រុង នឹងធ្វើការកែលម្អផ្ទះនៅជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ត្រូវលាបព័ណ៌ឲ្យមានលក្ខណៈដូចគ្នា ពង្រីកសួនច្បារ និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យមានទីធ្លាធំទូលាយ ដើម្បីឲ្យមានផាសុខភាព ជាពិសេស មានភាពងាយស្រួលដល់បងប្អូនដែលមកធ្វើការហាត់ប្រាណនៅតាមទីសាធារណៈ និងជាកន្លែងសម្រាប់ដើរកំសាន្តលំហែកាយផងដែរ។

Related Post