រដ្ឋបាលខេត្តកំពង់ធំ

SEARCH

នាយករដ្ឋបាលសាលាខេត្តកំពង់ធំ ស្នើឲ្យប្រជាពលរដ្ឋ អប់រំទូន្មានកូនចៅឲ្យខិតខំរៀនសូត្រ ជៀសឆ្ញាយពីគ្រឿងញៀន

ថ្លែងទៅកាន់លោកយាយ លោកតា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសង្កាត់កំពង់រទេះ លោក យ៉ូវ សេងគុណ បានស្នើឲ្យប្រជាពលរដ្ឋ និងអាណាព្យាបាល សិស្សទាំងអស់ ត្រូវខិតខំអប់រំទូន្មានកូនចៅឲ្យប្រឹងប្រែងរៀនសូត្រ និងជៀសឲ្យឆ្ញាយពីគ្រឿងញៀន ពិសេសត្រូវបញ្ជូនកូនចៅឲ្យទៅសាលារៀនបានគ្រប់ៗគ្នា ព្រោះថាមានតែចំណេះដឹងទេដែលអាចកែប្រែសេដ្ឋកិច្ចជីវភាពគ្រួសារ ក៏ដូចជាសង្គមជាតិឲ្យមានការរីកចម្រើន។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ និងលោក ចន ឡេស្ទើ តាចូន (John Lester Jajon) តំណាងព្រះសហគមន៍កាតូលិកប្រចាំខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាកំពង់រទេះ ស្ថិតក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក John Lester Jajon មានប្រសាសន៍លើកឡើងថា ដើម្បីធានាបាននូវកំនើនការចូលរៀនរបស់សិស្សានុសិស្សមានការកើនឡើងជាលំដាប់ ព្រះសហគមន៍កាតូលិកប្រចាំខេត្តកំពង់ធំ បានរួមចំណែកជួយកសាងនូវអគារសិក្សាថ្មី១ខ្នងនេះ ជូនដល់លោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់ជួយបង្ហាត់បង្រៀន ដល់ប្អូនៗ សិស្សានុសិស្សទំាងអស់ ត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ។

លោកនាយករដ្ឋបាលបន្ថែមទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានខិតខំពុះពារគ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍន៍ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ និងបានស្នើឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ សូមជួយថែរក្សាអគារសិក្សាថ្មី ១ខ្នងនេះ ឲ្យបានស្ថិតស្ថេរគង់វង្សទុកឲ្យបងប្អូនជំនាន់ក្រោយបានសិក្សារៀនសូត្របន្ត ពិសេសសូមថ្លែងអំណរគុណដល់ព្រះសហគមន៍កាតូលិក ព្រមទំាងសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលបានកសាងសាលា១ខ្នងនេះ។

 

Related Post