រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីបើកជំរំលើកទី១៩ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា​ថ្នាក់ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីសន្តិភាព និងវឌ្ឍនភាព»

ដើម្បីលើកទឹកចិត្តយុវជន ឲ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិកលក្ខណៈ របស់យុវជនកាន់តែមានភាពពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិនជីវិតដើម្បីឲ្យយុវជនក្លាយេជាពលរដ្ឋល្អ ក្នុងសង្គមជាតិ រាត្រីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និង ឯកឧត្តម ជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកជំរំក្រុមប្រឹក្សាយុវជនកម្ពុជាថ្នាក់ជាតិ លើកទី១៩ ក្រោមប្រធានបទ(យុវជនដើម្បីសន្តិភាព និងវឌ្ឍនភាព)នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ភូមិត្រពាំងប្ញស្សី ឃុំត្រពាំប្ញស្សី ស្រុកកំពង់ស្វាយ។ ពិធីនេះមានការអញ្ជើញចូលរួមពី ប្រធានអង្គភាព-មន្ទីរ ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាយុវជន ទាំង២៥រាជធានីខេត្ត ចំនួនប្រមាណជាង៤០០នាក់។

ឯកឧត្តម ជីវ រដ្ឋា បានលើកឡើងថា ការបោះជំរុំមានគោលបំណងអប់រំយុវជនឲ្យរៀនរស់នៅដោយខ្លួនឯង រៀនរស់នៅជាមួយគ្នា រៀនរស់នៅជាមួយធម្មជាតិ និងបង្កើតវឌ្ឍនភាពពីក្រុមតូចទៅក្រុមធំ ពីខេត្តមួយទៅខេត្តមួយ ចេះរស់នៅឆ្ងាយពីឪពុកម្តាយ យល់ពីតម្លៃ នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ បង្កើនភាពជឿជាក់ដោយខ្លួនឯង និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីឲ្យពួកគេ មានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួនប្រកបទៅដោយភាពរឹងមាំ និងការរីកចម្រើន ក្លាយខ្លួនជាអ្នកដឹកនាំក្លាយខ្លួនជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាព ក្នុងការកសាងជាតិនាពេលបច្ចុប្បន្នក៏ដូចជាអនាគត ហើយការបោះជំរំមានរយៈ ៧ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៧ ដោយបែងចែកជា៦សាខាហើយ ក្នុង១សាខាមាន៥អនុសាខា និង១អនុសាខាមានសមាជិកពី៨ទៅ១០នាក់។

ឯកឧត្តម ញឹក បានខេង បានថ្លែងអំណរគុណដល់ក្រសួងអប់រំ ដែលបានបង្កើតការបោះជំរំនេះឡើង ព្រោះនេះជាផ្នែកមួយ នៃការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានបែងចែកជាក្រុម ជាកងនិងប្រគល់ភារកិច្ចទទួលខុសត្រូវ តាមឋានានុក្រម ហើយធ្វើឲ្យយុវជនអភិវឌ្ឍ នូវជំនាញទន់របស់ខ្លួន ដោយចេះសង្កេតពិចារណា ចេះបង្កើនស្មារតីធ្វការងារដោយភាពទទួលខុសត្រូវ ក្នុងស្មារតីមិត្តភាពសាមគ្គីភាព។

ឯកឧត្តមបានបន្តថាក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់រៀបចំ ឲ្យមានក្រុមប្រឹក្សាកុមារ យុវជននៅតាមសាលា ដើម្បីជាយន្តការលើកកម្ពស់អនុវត្តចលនា ៣ល្អ និងជាឱកាសឲ្យយុវជន រៀនធ្វើការងារជាបុគ្គលជាក្រុម ក្នុងការហ្វឹកហាត់អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គមដើម្បីបង្កើនស្មារតីទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន ជាពិសេសខិត្តខំប្រព្រឹត្តតែអំពើល្អ ឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្ត។

ឯកឧត្តមបន្ថែមថា ការសិក្សារៀនសូត្រនាំមក នូវភាពជោគជ័យ ហើយដើម្បីឲ្យការសិក្សា ទទួលបានភាពជោគជ័យ ក្នុងនាមយើងជាសិស្សត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យសាលារៀន មានក្រមសីលធម៌ក្នុងការរស់នៅ និងស្តាប់ដំបូន្មានរបស់ ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងគោរពវិន័យជាដាច់ខាត ព្រោះវិន័យនេះហើយ គឺជាក្រមសិលធម៌មិនអាចខ្វះបាន ដូចពាក្យស្លោកនិយាយថា វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ។ លើសពីនេះទៅទៀត លោកគ្រូ អ្នកគ្រូ គឺជាម្តាយឪពុកទីពីរ ដែលយើងតែងតែលើកឡើងថា គ្រូមួយថ្ងៃ មានគុណមួយជីវិត ដូច្នេះការដឹងគុណគ្រូ ការគោរពលោកគ្រូ អ្នកគ្រូ គឺជាក្រមសីលធម៌ដែលមិនអាចរំលងបាន។ ម្យ៉ាងវិញទៀត ក្នុងនាមយើងជាសិស្សត្រូវមានភារកិច្ចជាប់ខ្លួននោះ គឺការសិក្សា។ ចំពោះការអប់រំនាពេលបច្ចុប្បនេះវិញ គឺការអប់រំប្រកមសីលធម៌ ដែលតម្រូវឲ្យ លោកគ្រូ អ្នកគ្រូ មានក្រមសីលធម៌វិជ្ជាជីវពិតប្រាកដ។

នាក្នុងឱកាសនោះ ឯកឧត្តម ផ្តាំផ្ញើរឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីក្លាយជាទំពាំងស្នងឬស្សីនាពេលខាងមុខ ដូច្នេះដើម្បីឲ្យក្លាយជាឬស្សីល្អ សូមលោកគ្រូ អ្នកគ្រូ ខិតខំយកចិត្តទុកដាក់ជួយបង្ហាត់បង្រៀន អប់រំទូន្មាន ដល់សិស្សានុសិស្សទំាងអស់ ប្រកបដោយសមធម៌ នឹងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ។ចុងបញ្ចប់គណៈអធិបតីបានប្រគល់ នូវព្រះអគ្គីដល់មេកងជំរំ ដើម្បីដុតភ្លើងគុបបើកដំណើរការ នៃការបោះជំរំ ផងដែរ

Related Post