រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត

ឯកឧត្តម សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៧ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត លើប្រធានបទ «អ្នកស្ម័គ្រចិត្តដើម្បីអភិវឌ្ឍន៍ខ្លួនអ្នក និងសង្គម» ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាព ប្រធាន អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនស្ម័គ្រចិត្តផងដែរ។

លោកស្រី ខ្លូត វណ្ណារ៉ា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន បានធ្វើរបាយការណ៍សង្ខេបទាក់ទង និងការងារអនុសាខាកាកក្រហមក្រុង រួចមក តំណាងអ្នកស្ម័គ្រចិត្តភូមិបានធ្វើការប្តេជ្ញាចិត្ត ចាប់តាំងពីយើងខ្ញុំទាំងអស់គ្នា ទទួលបានការបណ្តុះបណ្តាល និងក្លាយជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមមកបានឃើញថា កាកបាទក្រហមកម្ពុជាដែលស្ថិតក្រោមការដឹកនាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាសមាគមជាតិដ៏ល្អប្រពៃថ្លៃថ្លាវិសេសវិសាលមួយ ដែលមានបេសកកម្មយ៉ាងឧត្តុង្គឧត្តម ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដែលជួបមហន្តរាយដោយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ព្រមទាំងចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ដោយមិនមានការរើសអើង ប្រកាន់និន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍ទាំងប្រាំពីរគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ នៅតាមគ្រឹះស្ថានសិក្សានានា ដែលជួបឧបទ្ទវហេតុអាក្រក់ផ្សេងៗ តាមមូលដ្ឋាន។

ឯកឧត្តមបន្ថែមទៀតថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងការងារមនុស្សធម៌ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយផ្តោតលើគុណតម្លៃ នៃការងារស្ម័គ្រចិត្ត និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត។

ដើម្បីលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត ដែលមកចូលរួមក្នុងឱកាសនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានផ្ដល់ជូននូវប័ណ្ណសរសើរ និងអំណោយមនុស្សធម៌ផងដែរ។ បន្ទាប់មក ឯកឧត្តម និងសហការរីបានបន្តដំណើរដាំដើមឈើនៅសាខាថ្មីកាកបាទក្រហម ដែលមានទីតំាងស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

Related Post