រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និងកងកម្លាំងទាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ គរុសិស្ស ព្រមទាំងសមាជិកស.ស.យ.ក ទាំងអស់ នៅថ្ងៃអង្គារ ០២កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៧ បានអញ្ជើញចូលរួមរៀបចំអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ក្រោមប្រធានបទ « រួមគ្នាពង្រឹងប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ដើម្បីការពារមនុស្ស ពីអំពើជួញដូរមនុស្ស»។

លោកជំទាវ ឃួន ឃុនឌី បានបញ្ជាក់នៅក្នុងរបាយការណ៍ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែយកចិត្តទុកដាក់ កាន់តែខ្លាំងក្លា ក្នុងការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទាសភាពសម័យទំនើបគួរភ័យខ្លាច និងគួរឲ្យស្អប់ខ្ពើមផងដែរ។

ឯកឧត្តម សុខ លូ បានផ្តល់ជូននូវអនុសាសន៍ល្អៗ ដល់សមាជិកអង្គប្រជុំ ជាពិសេសក្មួយៗគរុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ ក្រុង ស្រុក មន្ទីរ-អង្គភាព និងមន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល ដោយខិតខំធ្វើការងារដោយមិនខ្លាចនឿយហត់។

ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើរដល់ស្ថាប័ន នៃកងកំលាំងទាំង៣ ធ្វើការសហការគ្នា ជាមួយនឹងអាជ្ញាធរដែនដីប្រើប្រាស់កំលាំងបង្កប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពុះពាររួមគ្នាជំនះការលំបាក គ្រប់ឧបសគ្គ ក្នុងការទប់ស្កាត់បានទាន់ពេលវេលា ជាពិសេសត្រូវធ្វើការតាមដាន ស្រាវជ្រាវ និងចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ត្រូវធ្វើជាប្រចាំឲ្យដូចភ្លៀងរលឹម យើងមិនអាចធ្វេសប្រហែស បណ្តែតបណ្តោយ ព្រងើយកន្តើយ មិនខ្វាយខ្វល់នឹងចំណុចខ្វះចន្លោះ ទំាងអស់នេះបានឡើយ ត្រូវកែលម្អជាបន្ទាន់ ព្រោះវាចបំផ្លាញដល់មនុស្សជាតិ ប្រទេសជាតិ និងពិភពលោកឲ្យវិនាសបាន។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្តបានផ្តល់កិត្តិយសទស្សនាសាច់រឿងអប់រំខ្នាតខ្លី និងបង្ហោះប៉ោងៗ ដើម្បីអបអរសាទរនៃទិវា ១២ ធ្នូ ៕

Related Post