រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយ និងជំរុញការអនុវត្តការងារឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លី ដែលមានចំនួន ៧ករណី ទំាង ៨ក្រុងស្រុក ដែលមានបញ្ហារាំរ៉ៃកន្លងមក។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តនៅមូលដ្ឋានទំាង០៨ក្រុង-ស្រុក អោយមានប្រសិទ្ធភាព មានដូចជា៖
១-ការងារឆ្វៀលដីនៅតំបន់៣ និតំបន់២ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ដោយជម្រុញ ការចេញសលាកបត្រព័ត៌មាន ឲ្យដល់ដៃប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ
២-ការកំណត់ទំហំដីស្នើសុំ របស់ប្រជាពលរដ្ឋក្នុងតំបន់អភិរក្សសត្វខ្សឹប ដោយត្រូវពិនិត្យ និងដោះស្រាយជាក់ស្តែង

៣-ការជំរុញការកាត់ដីជូនប្រជាពលរដ្ឋចេញពីបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត
៥-ការជំរុញការសម្របសម្រួល ដោះស្រាយបញ្ហាដីធ្លី ជាក់ស្តែងជូនប្រជាពលរដ្ឋនៅ ក្នុងតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក
៦-ការជំរុញរៀបចំបង្កើតសហគមន៍សិប្បកម្មកែច្នៃឈើនៅឃុំចុងដូង ស្រុកបារាយណ៍
៧-ការជំរុញការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ពិសេសយុវជនទើបគ្រប់អាយុ គឺសំដៅឆ្ពោះទៅការបោះឆ្នោត ថ្នាក់ជាតិនៅឆ្នាំ២០១៨នាពេលខាងមុខ!
៨-ការជំរុញពិនិត្យ និងដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងសាលារៀន ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្រ្ត បញ្ហាសណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ ពិសេសការដោះស្រាយគំនរសំរាម តាមទីផ្សារដែលនាំអោយប៉ះពាល់ដល់សុខភាពរស់នៅ របស់ប្រជាពលរដ្ឋ និងពង្រឹងការផ្តល់ នូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានលឿន ឆាប់រហ័ស និងមានតម្លាភាព។

ឯកឧត្តម សុខ លូ បានណែនាំអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូរ ពិនិត្យ និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើង នៅតាមមូលដ្ឋានក្រុង-ស្រុកទាំង០៨ អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធ្វើអោយប្រជាពលរដ្ឋមូលដ្ឋានមានភាពកក់ក្តៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន៕

Related Post