រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពនៃបញ្ហាគតិយុត្ត

ពិធីផ្សព្វផ្សាយ អំពីសេចក្តីសម្រេច​របស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងបច្ចុប្បន្នភាពនៃបញ្ហាគតិយុត្ត នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតេយ្យភាព ឯកឧត្តម ហ៊ី សោភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក លោក លោកស្រី មកពីមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម សុខ លូ បានថ្លែងអំណគុណ ដល់ប្រតិភូសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដែលបានផ្សព្វផ្សាយ អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពនៃបញ្ហាគតិយុត្ត ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពជុំវិញខេត្ត ព្រោះក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ គឺជាស្ថាប័នកំពូលដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយសូមឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី យកចិត្តទុកដាក់ស្តាប់នូវអនុសាសន៍ល្អៗ របស់ឯកឧត្តម ព្រមទាំងយកទៅធ្វើការផ្សព្វផ្សាយ ឲ្យបានទូរលំទូលាយបន្តទៀត។

ឯកឧត្តម ហ៊ី សោភា មានប្រសាសន៍លើកឡើងថា ការធ្វើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងបច្ចុប្បន្នភាពនៃបញ្ហាគតិយុត្តនាពេលនេះ ដើម្បីផ្សព្វផ្សាយលើការពិនិត្យធ្វើវិសោធនកម្មលើច្បាប់ ចំនួនបួន គឺ៖
១).ការពិនិត្យលើធម្មនុញ្ញភាព នៃច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ
២).ការពិនិត្យលើធម្មនុញ្ញភាព នៃច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា
៣).ការពិនិត្យលើធម្មនុញ្ញភាពនៃច្បាប់ ស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ
៤).ការពិនិត្យលើធម្មនុញ្ញភាពនៃច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់។

ឯកឧត្តមបន្តថា រាល់ច្បាប់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលក្ខណៈសមស្របតាមរដ្ឋធម្មនុញ្ញ ទាំងគោលនយោបាយសេដ្ឋកិច្ច កម្រឹតជីវភាពរបស់ប្រជាពលរដ្ឋ និងជាពិសេសសន្តិសុខសង្គមទាំងមូល។

Related Post