រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្រ្តីនគរបាលជាតិនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ៤៥២នាក់ ត្រូវបានធ្វើពិធីបំពាក់ឋាន្តរស័ក្តិ

មន្រ្តីនគរបាលខេត្តកំពង់ធំចំនួន៤៥២នាក់ ត្រូវបានថ្នាក់ដឹកនាំបំពាក់ឋាន្តរស័ក្តិ បន្ទាប់ពីពួកគាត់បានបំពេញភារកិច្ច និងការងារប្រកបដោយប្រសិទ្ធភាព យ៉ាងល្អប្រសើរនាពេលកន្លងទៅ ។ ពីធីនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានលើកឡើងថា យើងជាមន្ត្រីកម្លំាងប្រដាប់អាវុធ ត្រូវនាំគ្នាគោរពវិន័យ អនុវត្តច្បាប់ បង្ក្រាបបទល្មើសព្រៃឈើ ត្រូវចាប់មេឈ្មួញឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់ កុំទទួលសំណូកជាលុយពីក្រុមឈ្មួញឈើ ហើយមេឈ្មួញឈើមិនមានច្រើនទេ ត្រូវតែលុបបំបាត់ឲ្យបាន ។ លោកឧត្តមសេនីយ៍ត្រីបន្តថា បញ្ហាគ្រឿងញៀនត្រូវតែបង្ក្រាបមិនរើសមុខ ជាពិសេសនាយប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្រាវជ្រាវ ត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់ ទប់ស្កាត់ក្មេងទំនើង និងគោលនយោបាយ “ភូមិ-ឃុំមានសុវត្តិភាព” ដល់មូលដ្ឋាន រួមទាំងបទល្មើសនានាឲ្យធានាបាននូវសន្តិសុខសង្គម ស្ថេរភាពក្នុងមូលដ្ឋាន។ ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានខ្ពស់ ចំពោះការអប់រំប្រជាពលរដ្ឋឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ ផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន កុំប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ ជាពិសេសត្រូវពន្លឿនការងារធ្វើអត្តសញ្ញាណប័ណ សៀវភៅគ្រួសារជាដើម។

លោកឧត្តមសេនីយ៍ត្រីសង្កត់ធ្ងន់ថា «យើងជាកងកម្លាំង ត្រូវរក្សាឲ្យបានវប្បធម៌ស្រឡាញ់គ្នា គោរពគ្នា ត្រូវចេះយោគយល់គ្នា សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យរឹងម៉ាំដោយមានភាបស្មោះត្រង់ ទើបយើងសម្រេចបាននៅភាពរីកចម្រើន និងអភិវឌ្ឍន» ខិតខំធ្វើអំពើល្អដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើកងកម្លាំងយើងគ្រប់គ្នាៗ។ ចុងក្រោយលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានបំពាក់ឋាន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន ៤៥២នាក់ ដែលមកពី ៨ក្រុងស្រុក ក្នុងនោះថ្នាក់អនុសេនីយ៍ឯក ចំនួន ១៨៧នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន ១២៧នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន ១០១នាក់, ថ្នាក់ព្រិន្ទបាលឯក ចំនួន ៣៦នាក់ និងថ្នាក់ព្រិន្ទបាលទោ ចំនួន ០១នាក់។

ក្រោមការដឹកនាំដ៍ខ្ពងខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងការចង្អុលបង្ហាញរបស់ ឯកឧត្តម សុខ លូ អភិបាល អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ ការគ្រប់គ្រង និងដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល រយៈពេលខ្លី បានធ្វើឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានការរីកចម្រើន និងធ្វើមន្ត្រីនគរបាលក្នុងខេត្ត មានការសប្បាយចិត្ត និងគាំទ្រនូវយន្តការរបស់ថ្នាក់លើ៕

Related Post