រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទំាងមូល និងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ក្នុងឆ្នាំ២០២០ នៅគ្រប់មូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងមានការចំអិនម្ហូបអាហារ តាមរយៈការប្រើប្រាស់អគ្គិសនីនេះ ក្នុងការកាត់បន្ថយការប្រើប្រាស់អូស និងធ្យូង បានមួយកម្រិតផងដែរ ។

ដូច្នេះសូមមន្ត្រីជំនាញត្រូវខិតខំធ្វើការងារគម្រោងខាងលើនេះអោយអស់ពីលទ្ធភាព ដោយមានការសាងសង់អនុស្ថានីយ៍មួយកន្លែង មានទីតំាងថ្នល់បែក សម្រាប់ផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តកំពង់ធំ ដើម្បីកាត់បន្ថយការដាច់ចរន្តអគ្គិសនីញឹកញាប់ ក្នុងនោះមន្ត្រីជំនាញអគ្គិសនីក៏បានបោះបង្គោលអគ្គិសនី ទៅដល់មូលដ្ឋានរបស់បងប្អូនជាបណ្តើរៗហើយ ។ ក្នុងនោះឯកឧត្តម ឈុន ឈន់ ក៏បានលើកអំពីភាពខ្វះចន្លោះ និងចំណុចអសកម្ម នៃការគ្រប់គ្រង មន្ទីរអង្គភាព នៅខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការរៀបចំតែងតំាងមន្ត្រីក្រោមឱវាទ នៅតាមមន្ទីរអង្គភាពមួយចំនួន នៅមិនទាន់មានតម្លាភាពនៅឡើយទេ រាល់ការតែងតំាងមន្ត្រីក្រោមឱវាទ ត្រូវមានពិនិត្យឲ្យច្បាស់លាស់អំពីអតីតភាពការងារ បទពិសោធន៍ការងារ ជាពិសេសមានសមត្ថភាព និងជំនាញច្បាស់លាស់។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់មន្ទីរអង្គភាពទំាងអស់ ត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ រាល់ការខ្វះចន្លោះប្រអប់ណាមួយត្រូវធ្វើការបំពេញប្រអប់នោះឲ្យបានត្រឹមត្រូវ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា ជាភព្វសំណាងរបស់ខេត្តកំពង់ធំ នៅក្នុងក្រុងស្ទឹងសែន ទទួលបានគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចំនួន ៤គម្រោង លើកគម្រោងសាងសង់ទំនប់ក្រវ៉ាត់ក្រុងសន្តិភាព គម្រោងប្រព័ន្ធលូរំដោះទឹក អាងស្តុកសម្រាម និងអាងចំរោះទឹកស្អុយ ។ ឯកឧត្តមបន្ថែមទៀតថា ក្នុងក្រុងស្ទឹងសែន គឺមានការកែលម្អសោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធ ដោយបានកំណត់ដីចំណីផ្លូវច្បាស់លាស់ ដោយសិក្សាលើគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតំាងក្នុងស្ទឹងសែន មុខសណ្ឋាគាអរុណរះ មានដាក់ភ្លើងស្តុប និងសាងសង់ផ្លូវឯកទិស ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ការកែលម្អសួនច្បារតាមទ្រូងផ្លូវ និងពង្រីកសួនកុមារ ចាប់ពីគល់ស្ពានស្ទឹងសែន រហូតដល់មណ្ឌលព័ត៌មានទេសចរណ៍ ឲ្យមានសម្រស់កាន់តែស្អាត ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត ផងដែរ។

របៀបវារៈក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ រួមមាន៖ ១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ៤). ពិនិត្យ និងអនុម័ត លើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ៥). បញ្ហាផ្សេងៗ។

Related Post