រដ្ឋបាលខេត្តកំពង់ធំ

SEARCH

នាយឧត្តមសេនីយ៍ គន់ គីម បំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនខេត្តកំពង់ធំចំនួនជិត២០០០នាក់ មកពី៣ស្រុក និងក្រុង១

អតីតយុទ្ធជនគឺជាបុគ្គលមានគុណបំណាច់លើប្រទេសជាតិ បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិ និងនាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបសម្តេចបានយកចិត្តទុកដាក់បំផុតលើគ្រួសារអតីតយុទ្ធជនកម្ពុជា ដោយមិនទុកឲ្យគ្រួសារអតីតយុទ្ធជនណារងទុក្ខវេទនានិងជួបការលំបាក ដោយពុំបានដឹងលឺពីសំណាក់អាជ្ញាធរនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល បានស្នើរសុំទៅព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយស ការពារជាតិ មានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ដែលត្រូវបានបំពាក់ជូនដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយកសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋានសមាគមអតីយុទ្ធជនកម្ពុជា ដោយមានការចូលរួមជាអធិបតីភាព ឯកឧត្តម ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។

អតីតយុទ្ធជនដែលមានកិត្តិយសទទួលនូវគ្រឿងឥស្សរិយសការពារជាតិ ស្រុកសន្ទុកចំនួន ៣៦១នាក់ ស្រុកបារាយណ៍ ៥២៦នាក់ ស្រុកប្រាសាទបាល័ង្គ និងក្រុងស្ទឹងសែន១០០១នាក់ សរុប១៨៨៨នាក់ ដែល ត្រូវបានប្រារព្វពីធីចំនួន២ទីតាំងគឺនៅក្នុងស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ដោយមានមន្រ្តីរាជការ អ្នកមុខ អ្នកការចូលរួមយ៉ាងអធឹកអធ័ម ។ ឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ផងដែរថា ការងារសមាគមអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ បើគ្មានការ ណែនាំចង្អុលបង្ហាញដ៏ជិតស្និទ្ធពីនាយឧត្តមសេនីយ៍ គន់ គីម និងការដឹកនាំគាំទ្រពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសទេ គឺពុំទទួលបានភាពជោគជ័យរហូតដល់ថ្ងៃនេះផងដែរ ជាក់ស្តែងការងារសាងសង់ផ្ទះជូនអតីតយុទ្ធជន គិតមកដល់ពេលនេះគឺ៦១មួយខ្នងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មិនតែប៉ុណ្ណោះដោយមានការជួយឧបត្ថម្ភពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គលេខាធិការងសមាគមអតីត យុទ្ធជនកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ ដែលជាសម្បុរសជន ដែលបានជួយលើវិស័យមនុស្សធម៌នេះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានមាន ប្រសាសន៍ថា បើគ្មានអតីតយុទ្ធជន គឺគ្មានថ្ងៃនេះ យើងមានថ្ងៃនេះគឺដោយសារមានអតីតយុទ្ធជនកម្ពុជា ដូច្នេះអតីតយុទ្ធជនចាំបាច់ត្រូវបាន មើលថែរពិសេសជាងប្រជាពលរដ្ឋ ឯទៀត ជាក់ស្តែងផលពិបាករបស់ អតីតយុទ្ធជនកាលពីមុន ពេលមានសមាជិកស្លាប់ពិបាកក្នុងការដោះស្រាយថវិការយកមកធ្វើបុណ្យសព្វ ជួនកាលទៅខ្ចីបុលគេរងការគំរាមគំហែងរឹបអូសយកដីធ្លី តែពេលនេះសម្តេចបានយកចិត្តទុកដាក់ឲ្យក្រសួងដោះស្រាយថវិកាបេឡាមរណៈភ្លាមៗបានទាន់ពេលវេលា ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋមន្រ្តីជប៉ុនបានសន្យាជួយឲ្យកម្ពុជាមានសេដ្ឋកិច្ចមធ្យមកំរិតខ្ពស់ និងជួយឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីយ៉ាងតិច១០ឆ្នាំទៅមុខទៀត ដើម្បីឲ្យកម្ពុជារីកចំរើន។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ ចំពោះអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ធំ ដែលបានទទួលនូវគ្រឿងឥស្សរិយសមេដាយការពារជាតិ ដែលសព្វព្រះហឬទ័យព្រះមហាក្សត្រប្រោសប្រទាន ដែលមានស្នាដៃក្នុងការបំរើជាតិមាតុភូមិ ក៏ដូចជាការលើទឹកចិត្ត ដោយសារបានបូជាសាច់ស្រស់ឈាមស្រស់ លះបង់កម្លំាងកាយចិត្ត និងក្តីសុខផ្ទាល់ខ្លួន ដើម្បីការជាតិមាតុភូមិ ក្នុងសម័យសង្រ្គាមដណ្តើមយកសន្តិភាពជូនដល់ប្រជាជាតិខ្មែរទាំងមូល និងបាន ផ្តាំផ្ញើរឲ្យអាជ្ញាគ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវខិតខំបម្រើសេវាសាធារណៈជូនបងប្អូនអតីតយុទ្ធជន ប្រជាពលដ្ឋឲ្យល្អប្រសើរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកោតសរសើរ និង វាយតំលៃខ្ពស់ចំពោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តមឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានដឹកនាំសមាគមអតីតយុទ្ធជន បានល្អដាច់គេនៅក្នុងប្រទេស គឺមានតែខេត្តកំពង់ធំមួយទេ ដែលមានស្នាដៃល្អបំផុត ក្នុងការងារអតីតយុទ្ធជន ដោយសារតែ សកម្មភាពមមាញឹកដូចភ្លៀងរលឹម ចុះសួរសុខទុក្ខអតីតយុទ្ធជនស្ទើរតែជារាងរាល់ថ្ងៃ នាំយកសម្ភារៈ ថវិការ និងគ្រឿងឧបភោគបរិភោគជូនដល់អតីតយុទ្ធជនតាមមូលដ្ឋាន ដែលការងារនេះមិនសរសើរមិនបាន មិនតែប៉ុណ្ណោះបានលះបង់ថវិការផ្ទាល់ខ្លួនទៅជួយដល់អតីតយុទ្ធជនទៀតផង រួមទាំងការដោះស្រាយភ្លាមៗ និងការសាងសង់ផ្ទះបានចំនួន ៦១ខ្នងផ្ទះបានប្រគល់ជូនអតីតយុទ្ធជនរួចរាល់ហើយដែរ ក្នុងឳកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា ចំពោះគ្រួសារអតីតយុទ្ធជនដែលមានដីអត់ផ្ទះនៅស្រុកបារាយណ៍ ចំនួន២គ្រួសារ និងត្រូវបានទទួលផ្ទះថ្មីក្នុងពេលនេះ ចំណែកអតីតយុទ្ធជនដែលគ្មានផ្ទះ អត់ដី នឹងត្រូវបានទទួលដីសម្រាប់សាងសង់លំនៅដ្ឋាន ដោយគិតចាប់ពីថ្ងៃនេះទៅខែមិថុនាខាងមុខនេះ ដោយរងចាំ ឲ្យអាជ្ញាធរខេត្ត និងសូរិយោដីរៀបចំដីនៅភូមិថ្មី ដែលជាដីសម្រាប់អតីតយុទ្ធជនស្ថិតក្នុងឃុំក្រយា ខេត្តកំពង់ធំ។

 

Related Post