រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរខួបទី១៥៥ឆ្នាំ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ក្នុងនោះ ប្រមូលថវិកាពីសប្បុរសជនបានជាង ១៥ម៉ឺនដុល្លារ ដែលចំនួនតួលេខនេះ មានការកើនឡើងជាងឆ្នាំមុន ។

ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា និងមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនិងវត្តមានចូលរួមរបស់ព្រះសង្ឃ លោក លោកស្រី ជាសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអនុសាខាក្រុង ស្រុក សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត ព្រមទាំងសប្បុរសជនជាច្រើនរយនាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា បច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ប្រារព្ធទិវាពិភពលោក ៨ឧសភា ដ៏មានអត្ថន័យឧត្តុង្គឧត្តមនេះ ជារៀងរាល់ឆ្នាំទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់សាខាផងដែរ។ ចំពោះឆ្នាំ២០១៨ នេះ ប្រធានបទ ៨ ឧសភាគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា មិនទុកនរណាម្នាក់ចោល»។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងឯកឧត្តម សុខ លូ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះវត្តមាន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងវត្តមានលោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗយុវជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ព្រមទាំងការបរិចា្ចគនូវធនធានផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្ត ចូលរួមក្នុងចលនាមនុស្សធម៌នេះ៕

Related Post