រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្នងការនគរបាលខេត្តកំពង់ធំ ពង្រឹងការហ្វឹកហ្វឺនដល់កម្លំាងបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ គេចចេញពីគ្រោះអគ្គីភ័យឲ្យបានទាន់ពេលវេលា

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចុះធ្វើការផ្សព្វផ្សាយ អំពីរបៀបការបង្ការ និងការពន្លត់អគ្គិភ័យ នៅសាលាស្រុកសន្ទុក ដោយមានការចូលរួមពីកម្លាំងនគរបាលស្រុក ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារឃុំ ចំនួន ៤០៧នាក់។

បន្ទាប់លោកវរៈសេនីយ៍ឯក ពេជ្រ ថាល់ អធិការនគរបាលស្រុកសន្ទុក បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពស្រុករួចមក លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានថ្លែងអំណគុណដល់កងកម្លំាំងសមត្ថកិច្ចទាំងអស់ ដែលកន្លងមកបានចូលរួមថែរក្សាការពារនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយសុឆន្ទៈ និងមនសិការខ្ពស់ ក្នុងការបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ និងខិតខំធ្វើការងារនេះបន្តទៀត។ លោកឧត្តមសេនីយ៍ត្រីបន្ថែមទៀតថា ព្រឹកនេះ យើងមានវិញ្ញាសារថ្មីមួយ សម្រាប់កងម្លំាងសមត្ថកិច្ច និងប្រជាការពារភូមិ ក្នុងការហ្វឹកហាត់ អំពីវិធីបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះបឋម ពេលចុះធ្វើអន្តរាគមន៍ នៅពេលមានគ្រោះអគ្គីភ័យកើតឡើងឲ្យបានទាន់ពេលវេលា និងរបៀបប្រើធុងហ្គាស ពេលភ្លើងកំពុងឆេះ តើត្រូវធ្វើរបៀបណាទើបភ្លើងរលត់ទៅវិញ ដែលមានការជួយបង្ហាត់បង្រៀនពីកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ក្នុងគោលបំណងដើម្បីជួយថែរក្សាទ្រព្យសម្បត្តិ ផ្ទះសំបែង និងអាយុជីវិត មនុស្ស សត្វ ផងដែរ។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថា បើយោងតាមរបាយការណ៍ជំនាញអង្គភាពពន្លត់អគ្គីភ័យនៅតាមក្រុងស្រុក នៅក្នុងខេត្តកំពង់ធំ សម្រាប់ឆមាសទី១ ក្នុងឆ្នាំ២០១៨នេះ មានអគ្គីភ័យ ទាំងតូច ធំ កើតឡើងចំនួន ២៤ករណី នេះសបញ្ជាក់ឲ្យឃើញថា បញ្ហាអគ្គីភ័យនេះ មិនទាន់មានការថមថយនោះទេ នៅតែជាទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋយើងនៅឡើយ ដូច្នេះសូមកងកម្លាំងសមត្ថកិច្ច ព្រមទាំងប្រជាការពារ ត្រូវខិតខំយកចិត្តដាក់លើបញ្ហានេះ និងធ្វើការផ្សព្វផ្សាយបន្តទៀត ដល់បងប្អូនប្រជាពលរដ្ឋ មុនពេលចាកចេញពីគេហដ្ឋាន ទោះទៅទីជិតក្តី ទីឆ្ងាយក្តី យើងត្រូវបិទប៉ារ៉ែតភ្លើង ពន្លត់ភ្លើងចង្ក្រាន ភ្លើងទៀន ភ្លើងធូប និងសារធាតុងាយឆេះនានាជាដើម ដើម្បីការពារកុំឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយក្សថាហេតុ ដូចពាក្យចាស់លោកពោលថា “ស៊ូលិចទូកកណ្ដាលទន្លេ តែកុំអោយភ្លើងឆេះផ្ទះ”។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល បានអំពាវនាវដល់កងកម្លំាងសមត្ថកិច្ច ចូលរួមថែរក្សាការពារនូវសុវត្ថិភាព និងអញ្ជើញចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កុំបីខាន់ឡើយ ព្រោះការបោះឆ្នោតនេះ មានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹក ដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំប្រទេស អាចរក្សានូវសុខសន្តិភាព និងស្ថេរភាពសង្គម ប្រកបដោយការអភិវឌ្ឍទៅថ្ងៃអនាគតបន្តទៀត៕

Related Post