រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ប្រមាណជា ៩០០នាក់ ក្នុងស្រុកកំពង់ស្វាយ

ព្រឹក​ថ្ងៃអង្គារ ៧កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ-អ្នកគ្រូ ប្រមាណ​ជា ៩០០នាក់ ក្នុងស្រុក​កំពង់ស្វាយ ។

បន្ទាប់ពី​លោក អ៊ុន បុ​ត អភិបាលស្រុក​កំពង់ស្វាយ បាន​អាន​របាយការណ៍​សង្ខេប​ស្តីពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការអប់រំ ក្នុងស្រុក​កំពង់ស្វាយ​រួចមក ឯកឧត្តម សុខ លូ បាន​លើក​បង្ហាញ និង​គូសបញ្ជាក់​អំពី​សារៈប្រយោជន៍​នៃ​សៀវភៅ ក្រម ង៉ុ​យ និង​បណ្ឌិត អ៊ូ ចុង ដែលជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន ព្រមទាំង​អាន​សារ​របស់​សម្តេច​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ស្តាប់​ទាំងអស់គ្នា ។ ក្នុង​ខ្លឹមសារ​នៃ​សារ​នោះ​គឺ​បានលើកឡើង​អំពី​ការដឹងគុណ និង​ការកោតសរសើរ វាយតម្លៃ​ខ្ពស់ របស់​សម្តេច​និង​ភរិយា ចំពោះ​វីរភាព​របស់លោក​គ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​កសាង​ប្រទេសជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​ធនធានមនុស្ស ដែល​សម្តេច​និង​ភរិយា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លោកគ្រូ​អ្នកគ្រូ នឹង​បន្ត​រួម​ដំ​ណើ​ជាមួយគ្នា​តទៅទៀត​ដើម្បី​ភាពរុងរឿង​នៃ​ជាតិ​យើង ។

ឯកឧត្តម មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ និង​​ទទួលបានលទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការកែសម្រួល​លើ​ប្រាក់បៀវត្ស​គ្រូបង្រៀន ដែលសម្តេចតេជោ ក៏ដូចជា​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​របស់​គ្រូបង្រៀន ។ មួយ​ជំហាន​ម្តងៗ គ្រូបង្រៀន មាន​ប្រាក់បៀវត្ស​កាន់តែ​ប្រសើរឡើង ដែល​ជំរុញ​នាំ​ឲ្យ​ការងារ​អប់រំ កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព ។

ឯកឧត្តម បាន​បន្តទៀតថា គ្រូបង្រៀន​គឺជា​វិស្វករ​ព្រលឹង ជា​អ្នកបង្កើត​ធនធានមនុស្ស ដែលជា​គ្រឹះ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ជា​យុទ្ធសាស្រ្ត​អាទិភាព​ទី១ របស់​រាជរដ្ឋាភិបាល​ដែល​ផ្តោតលើ​ធនធានមនុស្ស។ គ្រូបង្រៀន​មួយថ្ងៃ​គឺ​គ្រូ​មួយជីវិត គឺជា​អ្នកមានគុណ អប់រំ​បណ្តុះបណ្តាល ចំណេះដឹង ចំណេះធ្វើ​គ្រប់បែបយ៉ាង បង្កើត​ធនធានមនុស្ស​គ្រប់​ទីកន្លែង និង​បានផ្តល់​តម្លៃ​ឲ្យ​គ្រូបង្រៀន​ថា ជា​អាណាព្យាបាល​ទី២ មាន​គុណូបការៈ មិនអាច​កាត់ថ្លៃ​បាន។ គ្រូបង្រៀន​បច្ចុប្បន្ន មានការ​កើនឡើង​ច្រើន និង​បាន​បណ្តុះបណ្តាល មាន​គរុកោសល្យ​ត្រឹមត្រូវ និង​មាន​ប្រាក់បៀវត្ស​កាន់តែ​ប្រសើរ​បើ​ប្រៀបធៀប​ទៅនឹង​គ្រូ​ក្នុង១ឬ២ទស្សវត្យ​មុន លើសពីនេះ​ទៀត បើ​មើលទៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្នុង​រយៈពេល៥០០ឆ្នាំមុន ប្រទេសខ្មែរ​គឺ​ពិតជា​ពុំមាន​ស្ថេរភាព និង​សន្តិភាព​បានយូរ​ឡើយ គឺមាន​សង្គ្រាម​ជាប់​ជានិច្ច ប្រទេស​រីក​រួម ដែល​ផ្ទុយស្រឡះ​ពី​កម្ពុជា​នាពេល​បច្ចុប្បន្ន ដែលមាន​សន្តិភាព​ពេញលេញ និង​រក្សាបាន​នូវ​បូរណភាព​ទឹកដី មិនមាន​បាត់បង់​បន្ថែមទៀត​ឡើយ ។ ទាំងនេះ​បង្ហាញថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល គឺមាន​ការរីកចម្រើន​ទៅមុខ ទៅតាម​កម្រិត និង​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង ។

បន្ថែម​លើ​នេះ​ទៀត ឯកឧត្តម​បានស្នើ​សុំ​ឲ្យ​លោកគ្រូ​អ្នកគ្រូ ត្រូវ​ចេះ​រួបរួម និង​ស្រឡាញ់គ្នា មិនត្រូវ​វាយប្រហារ ឬ​លាប​ព័រ​ណ៍​គ្នា​ទៅវិញទៅមក និង​ប្រកាន់ខ្ជាប់​នូវ​គំនិត​វិជ្ជមាន ដែល​គ្រូបង្រៀន​គឺជា​ជន​គំរូ ព្រមទាំង​អាច​រក្សាបាន​នូវ​សុខសន្តិភាព មិនមាន​ការឈ្លោះទាស់ទែង ដែល​អាច​បណ្តាល​នាំ​ឲ្យ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្រ្គាម ជាន់​ដាន​ប្រវត្តិសាស្រ្ត​ទៀត ។ ការរក្សាបាន​នូវ​ក្រមសីលធម៌ និង​ដើម្បី​ឲ្យ​បានការ​គោរព​នោះ ចាំបាច់​ត្រូវគោរព​ខ្លួនឯង​ជាមុនសិន ដូច​ព្រះពុទ្ធ​លោក​បាន​សម្តែង “ការចេះ​បន្ទោស​ខ្លួនឯង រមែង​តែង​បាន​សេចក្តីសុខ​ដ៏​ឧត្តុង្គឧត្តម” ទាំងនេះ គឺ​ចាំបាច់​ត្រូវ​បុគ្គល​ម្នាក់ៗចូលរួម​ធ្វើ និង​អនុវត្ត ព្រមទាំង​ការប្រើ​ច្បាប់​ប្រទេស​រួមគ្នា ដែល​នាំ​ឲ្យ​ប្រទេស​យើង​ដើរទៅ​មុខ​បាន ។ ទន្ទឹមគ្នានេះ​ដែរ អភិក្រម​ទាំងបួន “ឆ្លុះ​កញ្ជក់ ងូតទឹក ដុះ​ក្អែល និង​វះកាត់” របស់​សម្តេច ក៏បាន​ដាក់ចុះ ផ្សព្វផ្សាយ​ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​របស់​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់​ឲ្យ​បាន​ប្រសើរឡើង ។

លោកជំទាវ ឃួន ឃុន​ឌី សមាជិក​ព្រឺទ្ធសភា និង​ជា​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ធំ​បាន​បន្ថែមថា៖ ប្រទេស​រីកចម្រើន​ទៅបាន​គឺ​ដោយសារ​ធនធានមនុស្ស ធនធានមនុស្ស​កើតមាន​បាន​គឺ​ដោយសារ​គ្រូបង្រៀន ។ ដូច្នេះ​គ្រូបង្រៀន​មាន​តួនាទី​សំខាន់​ខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ។ លោកជំទាវ​បន្ថែមទៀតថា ដើម្បី​បាន​មន្ត្រី​ល្អ ថ្នាក់ដឹកនាំ​ល្អ គ្រូបង្រៀន​ល្អ ត្រូវមាន​គោលការណ៍​ប្រាំមួយ (១មិន ៥មាន) ១-មិន​អត្មា​និយម ២-មាន​ឆន្ទៈ ៣-មានការ​អត់ធ្មត់ ៤-មានការ​តស៊ូ ព្យាយាម ៥-មានការ​ស្មោះត្រង់ ៦-មានការ​លះបង់ ។

ជាទីបញ្ចប់​ ឯកឧត្តម និង​លោកជំទាវ​គណៈអធិបតី បាន​ចែកជូន​នូវ​សៀវភៅ​អប់រំ​ទូន្មាន​របស់ ក្រម ង៉ុ​យ និង​បណ្ឌិត អ៊ូ ចុង ដែល​ជាអំណោយ​របស់​សម្តេច​តេជោ ដល់​លោកគ្រូ អ្នកគ្រូ រួមទាំង​ថវិកា​មួយចំនួនទៀត​ផង ។ ឯកឧត្តម និង​លោកជំទាវ​គណៈអធិបតី​បាន​អំពាវនាវ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ឲ្យ​បាន​គ្រប់ៗគ្នា នា​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បី​ធ្វើការ​ជ្រើសរើស​មេដឹកនាំ​ដែល​អាច​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​ភាព​រីកចម្រើន រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​បន្តទៀត៕

Related Post