រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អគាររដ្ឋបាលសង្កាត់កំពង់ក្របៅ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់!

នា​រសៀល​ថ្ងៃអង្គារ ០៧កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រឹទ្ទិ​ស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលាសង្កាត់​កំពង់ក្របៅ ដែល​បានចាប់ផ្តើម​សាងសង់​ក្នុង​ខែឧសភា ឆ្នាំ២០១៧ និង​សង់​រួច​ជាស្ថាពរ​នៅក្នុង​ខែមេសា ឆ្នាំ២០១៨ ដោយ​ប្រើ​ថវិកាជាតិ ។

ថ្លែង​ក្នុងឱកាស​នោះ ឯកឧត្តម ​មានប្រសាសន៍ថា ៖ ជាច្រើន​រយ​ឆ្នាំ​មកហើយ ក្នុង​ប្រវត្តិសាស្រ្ត ប្រទេសខ្មែរ មាន​សង្គ្រាម​ជាបន្តបន្ទាប់ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ មិនដែល​បាន​សុខសន្តិភាព​យូរអង្វែង​ឡើយ ។ ផ្ទុយទៅវិញ ក្រោម​ការដឹកនាំ​របស់​ សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ កម្ពុជា​មាន​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​មកដល់​សព្វថ្ងៃនេះ ជាង៣០ឆ្នាំ​មកហើយ ។ ដូច្នេះ​លោកតា​លោកយាយ​ត្រូវ​បន្ត​ថែរក្សា​ការពារ​សេចក្តីសុខ​សន្តិភាព​នេះ​ឲ្យ​បាន​គង់​វង់​បន្តទៅទៀត ដោយ​ទៅ​បោះឆ្នោតជ្រើសរើស​អ្នកដឹកនាំ​ដែល​អាច​រក្សា និង​ការពារ​សេចក្តីសុខ​សន្តិភាព​នេះ​បាន ។ បទពិសោធន៍​ជាក់ស្តែង​ដែល​លោកតា​លោកយាយ​ធ្លាប់បាន​ឆ្លងកាត់ និង​ដឹងឮ​ដោយផ្ទាល់ នៅក្នុង​របប​សង្គមរាស្រ្តនិយម ដែល​ប្រទេស​យើង​សម័យ​នោះ មានការ​រីកចម្រើន ក្រោម​ការដឹកនាំ​របស់​អង្គ​សម្តេចឪ តែដោយសារ​ការចង់​ផ្លាស់ប្តូរ ចង់បាន​ហួសកំណត់ បានធ្វើ​ឲ្យ​ប្រទេស​ក្រឡាប់ចាក់ ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម បាត់បង់​គ្មាន​សល់ នោះ​ហើយដែល​ជា​មេរៀន​នៃ​ការចង់បាន ចង់​ប្តូរ​ដោយ​គ្មាន​ការគិតគូរ​វែងឆ្ងាយ និង​ច្បាស់លាស់ ។ ផ្ទុយទៅវិញ ដោយសារ​សម្តេច​ទាំងបី បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​របប​ខ្មៅ​ងងឹត និង​បន្ត​ពន្លត់ភ្លើងសង្គ្រាម​បាន​ទាំង​ស្រុក​ក្នុង​ឆ្នាំ១៩៩៨ ដែល​ខ្មែរក្រហម​បាន​ចូល​រួបរួម​ជាមួយ​រាជរដ្ឋាភិបាល ព្រម​បញ្ចប់សង្គ្រាម ដោយ​ឈរលើ​លក្ខខណ្ឌ​បី​គឺ៖ ១-ការធានា​នូវ​សុខ​សុវត្ថិភាព ២-ការធានា​រក្សា​នូវ​ទ្រព្យសម្បត្តិ​ដែលមាន និង ៣-ការធានា​រក្សា​នូវ​តួនាទី បុណ្យសក្តិ ។

ឯកឧត្តម​បន្តទៀតថា៖ យើង​មាន​សន្តិភាព​មក​រយៈពេល​ជាង៣០ឆ្នាំ ក្នុងការ​កសាង​ប្រទេស ដូច្នេះ​យើង​មិនអាច​ប្រៀបធៀប​នឹង​ប្រទេស​ដែលគេ​មាន​សន្តិភាព​ជាង១០០ឆ្នាំ​នោះបាន​ឡើយ តាម​អ្នកវិភាគ បើ​ប្រទេស​យើង​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ដូចសព្វថ្ងៃ ក្នុង​ឆ្នាំ២០៣០ យើង​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​កម្រិតមធ្យម និង​ដល់​ឆ្នាំ២០៥០ ប្រទេស​យើង​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ ។ ដូច្នេះហើយ​បាន​សម្តេច ប្តេជ្ញា​ដាច់ខាត មិន​ឲ្យជ​នណា​មក​បំផ្លាញ​សន្តិភាព​ដែល​យើង​កំពុង​តែមាន​នេះ​បានឡើយ ។

ឯកឧត្តម​បាន​សរសើរ​ចំពោះ​មន្រ្តីរាជការ អាជ្ញាធរ​ឃុំ​សង្កាត់​ដែល​បាន​ខិតខំ ប្រឹងប្រែង​ម​ប្រើ​ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹង​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ​កៀរគរ​ប្រភពធនធាន​នានា​សម្រាប់​សាងសង់​សាលាឃុំ​សង្កាត់​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​តែមួយ ឲ្យ​បាន​គ្រប់​ឃុំ​សង្កាត់​ទាំងអស់ ទូទាំងប្រទេស ព្រោះ​សាលាឃុំ​សង្កាត់​នេះ គឺជា​កន្លែង ផ្តល់​សេវា​នៅ​មូលដ្ឋាន​ដែល​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​បំផុត។ ដោយឡែក​សម្រាប់​ក្រុង​ស្ទឹងសែន យើង​នឹង​សាងសង់​សាលាសង្កាត់​ស្តង់ដារ​បែបនេះ បន្ថែមទៀត ដើម្បី​ជួយ​សម្រួលការ​ងារ​ផ្តល់​សេវា​នានា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។

ឯកឧត្តម​បាន​បន្ថែមទៀតថា ឯកឧត្តម​កំពុង​សិក្សា​គម្រោង​សាង​សង​រូបសំណាក​ប្រចាំខេត្ត ដែល​រូបសំណាក​ទាំងនោះ មានឈ្មោះ​ល្បីល្បាញ ដើម្បី​បន្ត​រក្សា​កេរ​វប្បធម៌​អ្នក​ខេត្តកំពង់ធំ ដូចជា រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ រូបសំណាក​អាចារ្យលាក់ រូបសំណាក​អ្នកតា​ក្រហមក សួន​វិមានឯករាជ្យ និង​សួន​កំសាន្ត​តាម​ដងស្ទឹង​សែន ផងដែរ ។ ឯកឧត្តម​ក៏បាន​សុំ​ការខន្តី​អភ័យទោស​ពី​លោកតា​លោកយាយ ប្រជាពលរដ្ឋ ចំពោះ​មន្រ្តីរាជការ​ក្រោម​ឱវាទ​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង និង​ខិតខំ​កែលម្អ​មន្ត្រី​ទាំងនោះ​យោងតាម​អភិក្រម​ទាំងបួន​របស់​សម្តេច​តេជោ គឺ៖ “មុជទឹក ឆ្លុះ​កញ្ជក់ ដុះ​ក្អែល និង​វះកាត់”

មុននឹង​បញ្ចប់ ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​សម្រាប់​កំណត់​វាសនា​ប្រទេសជាតិ ក្នុង​រយះពេល៥ឆ្នាំ​ម្តង ដោយ​ប្រើ​សិទ្ធិ​តាមរយៈ​ការ​គូស​លើ​សន្លឹកឆ្នោត។

ជាចុងក្រោយ​គណៈអធិបតី​បាន​អញ្ជើញ​ចូលរួម​កាត់ខ្សែបូ​សម្ពោធ​អគារ​រដ្ឋបាល​សង្កាត់​កំពង់ក្របៅ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ៕

Related Post