ព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលបា្លស្ទិក“ នៅវិទ្យាល័យកំពង់ធំ ។
ក្រោយពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ត បានអានរបាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍ថា៖ សព្វថ្ងៃនេះ យើងឃើញថាការបោះចោលសំណល់រឹង ជាពិសេសថង់ប្លាស្ទិក មានការកើនឡើងនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ដូចជានៅតាមទីផ្សារ ទីប្រជុំជន កន្លែងកំសាន្ត និងតាមដងវិថីនានា ។ បញ្ហានេះបានធ្វើឲ្យស្ថាប័នជំនាញមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ។ បើយើងក្រឡេកមើលការគ្រប់គ្រងកាកសំណល់នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន គឺពួកគេគ្រប់គ្រងបានយ៉ាងល្អប្រសើរ។ នៅគ្រប់ទីកន្លែងទាំងអស់ គឺមិនមានឃើញថង់ប្លាស្ទិកបោះចោលនៅលើដីនោះទេ ។ នេះគឺមកពីការយល់ដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់ដែលបណ្តាលមកពីថង់ប្លាស្ទិក និងការគោរពច្បាប់ ដែលពួកអនុវត្តយ៉ាងតឹងរឹងបំផុត។
ឯកឧត្តម បន្តទៀតថា៖ យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ លទ្ធផលនៃការសិក្សារបស់អង្គការមូលនិធិ អាក្រា (ACRA) បានបង្ហាញថា ថង់ប្លាស្ទិកចំនួនប្រហែល ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃក្នុងប្រទេសកម្ពុជា ដែលច្រើនជាង ១០ដងនៃការប្រើជាមធ្យមនៅសហភាពអឺរ៉ុប និងប្រទេសចិនទៅទៀត ។ ហេតុអ្វីបានថង់ប្លាស្ទិកត្រូវចាត់ទុកថាជាការបំពុលមួយក្នុងចំណោមការបំពុលបរិស្ថានពិភពលោក? ព្រោះថា ថង់ប្លាស្ទិកត្រូវការពេលជាច្រើនរយឆ្នាំក្នុងការបំបែកធាតុ ពុកផុយ និងរលួយ ហើយវាបានបង្កផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានតាមរយៈដូចជា៖
-ការធ្វើឲ្យស្ទះលូបង្ហូរទឹក បង្កឲ្យមានទឹកជំនន់លិចលង់
-ការបាត់បង់សោភ័ណភាពទីក្រុង និងទីប្រជុំជន
-ការផ្តល់ជម្រកដល់ភ្នាក់ងារចម្លងមេរោគដល់មនុស្ស និងសត្វ
-ការស្តុកទុកសារធាតុគីមីពុលដែលអាចជ្រាបចូលទៅក្នុងដី ធ្វើឲ្យខូចគុណភាពដី និងបំពុលទឹកលើដី និងក្រោមដី
-ការបំភាយសារធាតុគីមីទៅក្នុងចំណីអាហារដែលបានផ្ទុកក្នុងថង់ប្លាស្ទិក
-ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសនៅពេលដុតបំផ្លាញវា ។
ដោយឃើញនូវបញ្ហាប្រឈមចំពោះមុខដោយសារថង់ប្លាស្ទិក និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យនៅកម្រិតអប្បបរមា ស្ថាប័នមានសមត្ថកិច្ច បានកំណត់វិធានការ ដូចជាការកំណត់កម្រៃបន្ថែមអប្បបរមាលើការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ការគ្រប់គ្រងការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ចូលរួមចំណែក ក្នុងការគ្រប់គ្រងថង់ប្លាស្ទិកតាមទីសាធារណៈ ក៏ដូចជាតាមលំនៅដ្ឋាន ឲ្យបានត្រឹមត្រូវនៅក្នុងធុងសម្រាម ក៏ដូចជាការទុកដាក់ និងកប់សម្រាមឲ្យបានល្អ ។ ទម្លាប់មិនទទួលកំហុសខ្លួនឯង និងបង្វែរកំហុសលើអ្នកដទៃ វាមិនបានជួយឲ្យយើងមានសេចក្តីសុខ និងរីកចម្រើនបានទេ ដូចដែលព្រះពុទ្ធអង្គលោកបានសម្តែង “ការចេះបន្ទោសខ្លួនឯង រមែងតែងបានសេចក្តីសុខដ៏ឧត្តម” ។ ការកសាងទម្លាប់ល្អនេះ គួរចាប់ផ្តើមពីយើងទាំងអស់គ្នា និងពីពេលនេះតទៅ ។ បន្ថែមលើនេះទៀត យើងត្រូវចូលរួមពង្រឹងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជំនួសវិញដោយការប្រើប្រាស់កន្ត្រកឫស្សី ល្ពាក់ ស្លឹកចេក ស្លឹកឈូក ក្នុងការវេចខ្ចប់ ដែលវាងាយនឹងពុកផុយក្លាយជាសារជាតិសរីរាង្គ និងចូលរួមចំណែកក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីយើងផងដែរ ។
ឯកឧត្តម បន្ថែមទៀតថា ងាកមកមើលប្រទេសខ្មែរយើងវិញ បើមើលទៅប្រវត្តិសាស្រ្តខ្មែរក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ប្រទេសខ្មែរគឺពិតជាពុំមានស្ថេរភាព និងសន្តិភាពបានយូរឡើយ គឺមានសង្គ្រាមជាប់ជានិច្ច ប្រទេសរីករួម ដែលផ្ទុយស្រឡះពីកម្ពុជានាពេលបច្ចុប្បន្ន ដែលមានសន្តិភាពពេញលេញ និងរក្សាបាននូវបូរណភាពទឹកដី មិនមានបាត់បង់បន្ថែមទៀតឡើយ ។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ យើងបានខិតខំកសាងប្រទេស ទោះយើងមិនអាចប្រៀបធៀបទៅនឹងប្រទេសដែលគេមានសន្តិភាពជាង១០០ឆ្នាំ ក៏ដោយ ឲ្យតែយើងខំប្រឹង និងកែទម្លាប់ល្អ តាមអ្នកវិភាគ បើប្រទេសយើងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដូចសព្វថ្ងៃ ក្នុងឆ្នាំ២០៣០ យើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម និងដល់ឆ្នាំ២០៥០ ប្រទេសយើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ។ ដូច្នេះហើយបាន សម្តេចតេជោ ប្តេជ្ញាដាច់ខាត មិនឲ្យជនណាមកបំផ្លាញសុខសន្តិភាពដែលយើងកំពុងតែមាននេះបានឡើយ ។ ទាំងនេះបង្ហាញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខរដ្ឋ គឺប្រទេសមានការរីកចម្រើនទៅមុខ ទៅតាមកម្រិត និងស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរយើង ។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗដែលគ្រប់អាយុ និងមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រើចុងស្លាបប៉ាកកា ធ្វើការជ្រើសរើសមេដឹកនាំ ដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តបន្ថែមទៀត។
ជាចុងក្រោយ ឯកឧត្តម ក៏បានចែករង្វាន់ជូនដល់អ្នកដែលឆ្លើយសំនួរបរិស្ថានបានត្រឹមត្រូវចំនួន៦នាក់នូវកង់ចំនួន ៦គ្រឿង និងចែកជូននូវធុងសម្រាមសម្រាប់ វិទ្យាល័យកំពង់ធំចំនួន១០ធុង វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ចំនួន១០ធុង សាលាគរុកោសល្យចំនួន៥ធុង ស្នងការដ្ឋាននគរបាលចំនួន៥ធុង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងចំនួន៥ធុង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន៥ធុង សរុបចំនួន៤០ធុងសម្រាម ៕