រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធី​អប់រំ​សីលធម៌​តាមបែប​ព្រះពុទ្ធសាសនា​ដល់​សិស្សានុសិស្ស​ចំនួន​ប្រមាណ​ជា ៣០០០ នាក់ នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ

ព្រឹក​ថ្ងៃព្រហស្បតិ៍ ៩កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ចូលរួម​ជាមួយ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក្នុង​កម្មវិធី​អប់រំ​សីលធម៌​តាមបែប​ព្រះពុទ្ធសាសនា​ដល់​សិស្សានុសិស្ស​មកពី​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​ស្រុក​សន្ទុក ចំនួន​ប្រមាណ​ជា ៣០០០ នាក់ ដែល​សម្តែង​ដោយ សម្តេចព្រះ​ពុទ្ធ​ជ័យមុនី ឃឹម សន ព្រះ​អគ្គាធិការរង​ពុទ្ធិកសិក្សា​ជាតិ និង​ជា​ព្រះមេ​គុណ​រាជធានី​ភ្នំពេញ សម្តេចព្រះ​ឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា ព្រះ​អគ្គាធិការ​ពទ្ធិក​សិក្សា​ជាតិ និង​ព្រះ​សិរី​កោស​ល សុំ សុខា អនុប្រធាន​ពុទ្ធិកសមាគម​កម្ពុជរដ្ឋ ព្រះចៅអធិការ​វត្ត​ត្នៀត​សិម្ពលី។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម សុខ លូ បាន​ថ្លែងសុន្ទរកថា​ស្វាគមន៍ និង​សំណេះសំណាល​ជាមួយ​ក្មួយៗសិស្សានុសិស្ស និង​អង្គពិធី​ទាំងមូល ដោយ​សង្កត់ធ្ងន់ថា ៖ ក្នុង​រយៈពេល​ជាង២០ឆ្នាំ​បន្ទាប់ពីប្រទេសទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្មះៗ ​របស់​ សម្តេច​តេជោ ហ៊ុន សែន ចាប់ពីឆ្នាំ១៩៩៨ មក ប្រទេសយើងមានការជឿនលឿនយ៉ាងឆាប់រហ័ស មាន​សុខសន្តិភាព និង​ស្ថេរភាព​ដូចសព្វថ្ងៃ។ ចំពោះ​សីលធម៌​ក្នុងសង្គម​យើង​វិញ ក៍​ត្រូវបាន​ជម្រុញ​លើកកម្ពស់​ជាបន្តបន្ទាប់។ ជាមួយនេះ ការអប់រំ​សីលធម៌​តាមបែប​ព្រះពុទ្ធសាសនា គឺជា​ការចូលរួម​មួយ​ដ៏​វិសេស​ថ្លៃថ្លា​ក្នុង​កសាង​ធនធានមនុស្ស​ដើម្បី​បម្រើ​ប្រទេសជាតិ។ ឯកឧត្តម បាន​បន្ថែមថា៖ ខ្ញុំ​មានការ​ត្រេកអរ និង​ស្វាគមន៍​ឲ្យ​មានការ​អប់រំ​តាមបែប​ព្រះពុទ្ធសាសនា​នេះ​កាន់តែច្រើន ដើម្បី​ជួយ​ណែនាំ​ដល់​ក្មួយៗឲ្យ​យល់ និង​ប្រព្រឹត្ត​អំពើ​ល្អ មិន​ប្រើ​គ្រឿងញៀន គោរពច្បាប់​ចរាចរណ៍ ប្រឹងប្រែង​រៀនសូត្រ ធ្វើជា​កូន​ល្អ សិស្ស​ល្អ មនុស្ស​ល្អ សម្រាប់​សង្គម និង​ប្រទេសជាតិ ។ អ្នកសេដ្ឋកិច្ច​បាន​វាយតម្លៃថា បើ​ប្រទេសខ្មែរ​យើង​អាច​បន្ត​រក្សាសុខ​សន្តិភាព​បាន​ដូចសព្វថ្ងៃ នៅ​ឆ្នាំ២០៣០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​មធ្យម​កម្រិតខ្ពស់ នៅ​ឆ្នាំ២០៥០ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍ ។ ដូច្នេះហើយ សូម​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ត្រូវ​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការបោះឆ្នោត​នាថ្ងៃ២៩ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើស​មេដឹកនាំដែលល្អ អាច​បន្តដឹកនាំប្រទេសឲ្យមាន​សុខសន្តិភាពយូរអង្វែង និង​ការអភិវឌ្ឍន៍ទៅមុខទៀត ដែលមិនមានអ្នកណាផ្សេងក្រៅពីសម្តេចតេជោ ហ៊ុន សែន នោះឡើយ។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក៏បាន​លើកឡើងថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដូច្នេះ​សាសនា​ក៏មាន​តួនាទី​ជួយ​តម្រង់ផ្លូវ​មនុស្ស​ឲ្យ​ទៅរក​សេចក្តីសុខ រួមចំណែក​ជួយ​សង្គម តាមរយៈ​ការអប់រំ​តាមបែប​ពុទ្ធសាសនា ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​មនុស្ស​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ដែល​សង្គម​ត្រូវការ ។

ជា​កិច្ច​បន្ត សម្តេចព្រះ​ឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា បាន​មាន​សង្ឃដីកា​អប់រំ​អំពី “ជីវិត និង​ការសិក្សា​រៀនសូត្រ” ទៅកាន់​សិស្សានុសិស្ស និង​អង្គពិធី ដូចតទៅ៖

  “អ្នក​ខ្ចិល–អត់​វិជ្ជា”

  “អ្នក​អត់​វិជ្ជា–ពិបាក​ស្វែងរក​ទ្រព្យ”

  “អ្នក​ខ្វះ​ទ្រព្យ–ពិបាក​រក​មិត្ត”

  “អ្នក​ខ្វះ​មិត្ត–មិនមាន​ក្តី​សុខ”

  “អ្នក​មិនមាន​ក្តី​សុខ–គ្មាន​ពេលធ្វើ​បុណ្យ”

  “អ្នក​គ្មាន​បុណ្យ–រក​និព្វាន ឬ​បរមសុខ​មិនឃើញ”

ដូច្នេះ​ក្មួយៗ ត្រូវតែប្រឹងប្រែង​រក​ចំណេះវិជ្ជា​ឲ្យ​បាន​ទាំងអស់គ្នា ។

បន្ថែម​លើ​នេះ សម្តេចព្រះ​ពុទ្ធ​ជ័យមុនី ឃឹម សន ក៍​មាន​សង្ឃដីកា​អប់រំ​អំពី “សីលធម៌​ក្នុង​ជីវិត​រស់នៅ” ដែលមាន​អត្ថន័យ​ថា៖ ដើម្បី​រក្សា​តម្លៃ​បាន​តាម​ព្រះពុទ្ធ​សម្តែង មនុស្ស​យើង​ត្រូវ​សន្សំ៤ចំនុច៖ ១-អំពើ​ល្អ សុច្ច​រិត ២-ចំណេះវិជ្ជា (ទាំង​ផ្លូវលោក និង​ផ្លូវធម៌) ៣-សីលធម៌ រស់នៅ​ប្រកបដោយ​សីលធម៌ និង ៤-បំពេញ​នូវ​ធម្ម បំពេញ​នូវ​តួនាទី​ល្អ។ ជាមួយនេះ​ផងដែរ សម្តេចព្រះ​សិរី​កោស​ល សុំ សុខា ក៏បាន​សម្តែង​អប់រំ​អំពី “គុណមាតា​បី​តា” ថែមទៀត​ដើម្បី​ឲ្យ​សិស្សានុសិស្ស និង​អង្គពិធី បាន​ស្តាប់​ពី​ទុក្ខលំបាក​របស់​ពួកគាត់ និង​ត្រូវ​ចេះ​គោរព​ស្រឡាញ់ និង​ដឹងគុណ​ចំពោះ​មាតា​បី​តា។

ជាចុងក្រោយ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ក៏បាន​ជួយ​ថវិកា​ដល់​សិស្សានុសិស្ស​ដែល​កំព្រាឪពុក​ម្តាយ ផងដែរ៕

 

Related Post