រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កម្មវិធីអប់រំសីលធម៌ ចរិយាធម៌ព្រះពុទ្ធសាសនា នៅវត្តមុន្នីរង្សី ហៅវត្តថ្មី ស្រុកកំពង់ស្វាយ មានសិស្សានុសិស្សប្រមាណជាង ២ពាន់នាក់

សិស្សានុសិស្សជាង ២ពាន់នាក់ ដែលមកពីវិទ្យាល័យ អនុវិទ្យាល័យ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បាន ចូលរួមក្នុងពិធីអប់រំសីលធម៌ ចរិយាធម៌ ព្រះពុទ្ធសាសនា នៅវត្តមុន្នីរង្សី ហៅវត្តថ្មី ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពសម្តេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃជាន់ខ្ពស់ សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ជាព្រះមេគណរាជធានីភ្នំពេញ លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ និងមានការចែកសម្ភារ:សិក្សា ដល់សិស្សនុសិស្ស ចំនួន ២.២០០នាក់ផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា តាមរយៈកម្មវិធីអប់រំសីលធម៌ ចរិយាធម៌ព្រះពុទ្ធសាសនានេះ នឹងបានរួមចំណែក ជួយឲ្យសិស្សានុសិស្សនៅក្នុងស្រុកកំពង់ស្វាយ កាន់តែមានការយល់ដឹងអំពីអំពើល្អ អាចគេចផុត ពីប្រើប្រាស់គ្រឿងញៀន ឬការប្រព្រឹត្តិខុសនានា ដែលនាំឲ្យវិនាសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអាចតម្រង់ទិសរបស់ខ្លួន ក្នុងការរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ឲ្យយល់កាន់តែយល់ច្បាស់ពីតម្លៃវប្បធម៌ជាតិខ្មែរ ដោយមិនមានការជ្រួលជ្រើម ពីអរិយធម៌ វប្បធម៌បរទេសឡើយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងសិស្សានុសិស្ស ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះកុំបីខាន ព្រោះការបោះឆ្នោតនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត។

លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានឲ្យដឹងថា ការចូលរួមរបស់ក្មួយៗ ថ្ងៃនេះ ដែលបានមកស្ដាប់ ទស្សនទានព្រះពុទ្ធសាសនាពេលនេះ ពិតជាមានតម្លៃណាស់ ដែលបានបញ្ជាក់ឲ្យច្បាស់ថា នេះជាចំណែកមួយជួយដល់សិស្សានុសិស្ស ឲ្យទទួលបាននូវការអប់រំមួយទៀត ខាងផ្នែកផ្លូវចិត្ត បន្ទាប់ពីអប់រំនៅសាលារៀនលើចំណេះដឹងទូទៅ ឲ្យប្រព្រឹត្តិអំពើល្អ ដែលជាកុសល ក្នុងផ្លូវដែលសង្គមត្រូវការ និងបានជៀសឆ្ងាយពីការយល់ខុសផ្សេងៗទៀត។

សម្តេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ជាព្រះមេគណរាជធានីភ្នំពេញ និងសម្ដេចឧត្ដមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ នៃកម្ពុជា មានសង្ឃដិការឲ្យដឹងថា កម្មវិធីទស្សនទាន ព្រះពុទ្ធសាសនានេះ មានសារៈសំខាន់ណាស់ដែលអាចជួយឲ្យសិស្ស បានយល់ដឹងពីតម្លៃពិតនៃការរៀនសូត្រ។ តាមរយៈអបរំតាមផ្លូវពុទ្ធសានានេះដែរ ក៏ជួយតម្រង់ទិសឲ្យសិស្ស ដែលបោះបង់ការសិក្សា ដោយប្រការផ្សេងៗ ដោយមិនដឹងខ្លួនដូចជា ការសេពគ្រឿងញៀន ឬល្បែងពាលាផ្សេងៗនោះវិលមក រកផ្លូវល្អ និងភ្ញាក់រលឹកចូលរៀនសូត្រវិញ ហើយចេះស្ដាប់ដំបូន្មានឳពុកម្ដាយ លោកគ្រូ អ្នកគ្រូ ស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អ ស្គាល់អាក្រក់ និងចេះគោរពចាស់ទុំ៕

Related Post