រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កូនត្រីពូជចំនួនជាង ៥ម៉ឺនក្បាល និងត្រីស្រែចម្រុះ ចំនួន ១០០គីឡូក្រាម ត្រូវបានលែងឲ្យលូតលាស់ធំធាត់ និងបន្តពូជនៅអាងទឹកតំាងក្រសំាង (អាងទឹក ៦មករា) ក្នុងស្រុកសន្ទុក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលជលផលខេត្ត នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានរៀបចំពិធីទិវាមច្ចជាតិ លើកទី១៦ ស្ថិតនៅភូមិក្បាលបី ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព មន្រ្តីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ២ពាន់នាក់ ។

លោក ធីវ វណ្ណធីរ ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍ស្វាគមន៍គណអធិបតី និងមានប្រសាសន៍លើកឡើងថា ការរៀបចំពិធីទិវាមច្ចជាតិនេះ ជាលើកទី១៦ហើយ នៅពេលនេះយើងនឹងធ្វើការលែងកូនត្រីពូជចំនួនជាង ៥ម៉ឺនក្បាល និងត្រីស្រែចម្រុះ ចំនួន ១០០គីឡូក្រាម ឲ្យលូតលាស់ធំធាត់ និងបន្តពូជនៅអាងទឹកតំាងក្រសំាង (អាងទឹក ៦មករា) ស្ថិតនៅភូមិក្បាលបី ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីធ្វើឲ្យបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។ លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ពី ប្រវត្តិអាងទឹកតាំងក្រសាំង ដែលស្ថិតក្នុងភូមិក្បាលបី ដែលអាចរក្សាទឹកបាន ៣០ម៉ឺនម៉ែត្រគូប មានទ្វារទឹកចំនួន ២កន្លែង សំណង់បង្ហៀរទឹកចំនួន១ អាចស្រោចស្រពផ្ទៃដីរដូវវស្សា ៩.៨៦៩ហិកតា និងដីស្រែប្រាំង ២.០១៩ហិកតា អ្នកទទួលផល១៨ភូមិ មាន៤ឃុំ ប្រជាពលរដ្ឋ១.៤១៨គ្រួសារ ស្មើរនិង៤.៧៣៦នាក់ ។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការព្រលែងកូនត្រីពូជនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ជួយគ្នាថែរក្សាមឆ្ឆាជាតិ និងដើម្បីជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ និងសូមអំពាវនាវឲ្យ មានការចូលរួមទាំងអស់គ្នា ការពារ និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ នេសាទត្រីដោយខុសច្បាប់ ដែលត្រូវបានហាមឃាត់ ក្នុងនោះខណ្ទរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយដល់សហគមន៍ ពីទោសនៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ បើជនណាប្រើប្រាស់គឺត្រូវធ្វើកិច្ចសន្យា ចំពោះមិនមានការាងចាល និងចាត់វិធានការតាមច្បាប់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សា អភិរក្សពូជត្រីសំខាន់ៗដែលជិតផុតពូជ និងជីវៈចម្រុះគ្រប់ប្រភេទឲ្យបានគង់វង្ស នៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះ សហគមន៍ ត្រពាំង ដើម្បីធានានិរន្តរភាពនៃការនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារសម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជានេសាទ ឲ្យកាន់តែប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយការពារតំបន់អភិរក្សដែលមានត្រី និងរាយការណ៍អំពីជនខិលខូចដែលមកបំផ្លាញត្រី កុំនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់ កុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ក្នុងគោលបំណងចូលរួមការពារធនធានធម្មជាតិ ដើម្បីទទួលផលពីមច្ចជាតិទាំងអស់គ្នា។

ជាមួយគ្នានោះដែរ  ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាបាលភិបាល បានខិតខំ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ និងបានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពនយោបាយថ្មីនាពេលបច្ចុប្បន្ន ព្រមទាំងសំណូមពរដល់បងប្អូនទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

Related Post