រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ព្រៃឈើជាសរសៃឈាមក្នុងវិស័យកសិកម្ម ជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ

ដោយអនុវត្តនូវចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចការពារធនធានធម្មជាតិ និងគាំទ្រដល់សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ ជាពិសេសការដំាដើមឈើគ្រប់ប្រភេទឡើងវិញ។ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក កងកម្លំាងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយដាំកូនឈើ ២ប្រភេទ(ធ្នង់ និងក្រញ៉ូង) ចំនួន ១,៣៣២ លើផ្ទៃដីទំហំ ២ហិកតា។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យកសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឲ្យបានគ្រប់ៗគ្នា។ ហើយទិវានេះ មិនមែនធ្វើតែនៅក្នុងខេត្តកំពង់ធំ ប៉ុណ្ណោះទេ គឺប្រារព្ធធ្វើនៅទីកន្លែងផ្សេងៗទៀត ទូទាំងប្រទេស  ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យចូលរួមដំាដុះដើមឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ធនធានទាំងនេះឲ្យកាន់តែសំបូរឡើងថែមទៀត។

ឯកឧត្តមបន្ថែមទៀតថា ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងសារៈសំខាន់ណាស់ ចំពោះសង្គម មនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបំាងការពារខ្យល់ព្យុះទៀតផង។ មិនតែប៉ុណ្ណោះ ព្រៃឈើក៏បានរួមចំណែកដល់អេកូទេសចរណ៍ដែលបង្កើតការងារ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។

ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្ស និស្សិត យកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ក៏ដូចជាមនុស្សជាតិទាំងមូល។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានចែកកូនឈើដល់ប្រជាពលរដ្ឋយកទៅដំាតាមលំនៅដ្ឋាន និងចូលរួមដាំកូនឈើមានតម្លៃចម្រុះជាច្រើនមុខ ក្រោមដំណក់ទឹកភ្លៀងយ៉ាងត្រជាក់ត្រជុំ ក្នុងគោលបំណង សំដៅប្រែក្លាយតំបន់នេះ ឲ្យពោរពេញទៅដោយព្រៃឈើសំបូរបែប ដែលអាចបង្កើតជាគំរបពណ៍បៃតងខួបប្រាំង ខួបវស្សា និងធ្វើឲ្យប្រសើរឡើងនូវ សោភណ្ឌភាពធម្មជាតិពិតៗ ស្រស់បំព្រង៕

Related Post