រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីគម្រោង Rice-SDP ប្តេជ្ញាជួយផ្តល់បច្ចេកទេសកសិកម្មបន្ថែមទៀត ដល់កសិករ ដើម្បីធ្វើឲ្យប្រសើរឡើងគុណភាពស្រូវអង្កររបស់កម្ពុជា

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជានាយកអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត មានប្រសាសន៍លើកឡើងថា មន្ត្រីអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ត្រូវខិតខំបន្តផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មនៅក្នុងការផលិតកម្មស្រូវ ឲ្យបានទទួលបានទិន្នផលល្អ ដើម្បីធ្វើឲ្យប្រសើរឡើងគុណភាពស្រូវអង្កររបស់កម្ពុជា ក្នុងការនាំចេញអង្ករ ប្រកបដោយគុណភាពល្អ មានការទទួលស្គាល់ពីអន្តរជាតិ ស្របទៅនឹងគោលនយោបាយសន្តិសុខស្បៀង និងកានាំចេញអង្ករ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម មានប្រសាសន៍យ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំប្រចាំខែ របស់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) អង្គភាពអនុវត្តកម្មវិធីខេត្តកំពង់ធំ (PIO-KPT) នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម បន្ថែមទៀតថា គម្រោងនេះ បានផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករធ្វើកសិកម្ម ក្នុងនោះ មានការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដោយបង្កើតសហគមន៍កសិករប្រើប្រាស់ទឹក ការកៀវពង្រាបដីដោយប្រព័ន្ធឡាស៊ែ និងផ្សព្វផ្សាយអំពីបច្ចេកទេសក្នុងការផលិតកម្មស្រូវផងដែរ។ កន្លងមកក្រោយពីប្រមូល​ផល​ស្រូវរួច ប្រជាកសិករតែងតែនាំស្រូវសើមទៅលក់ឲ្យប្រទេសវៀតណាម ឬថៃជាដើម ធ្វើឲ្យអត្រាសំណើមស្រូវថយចុះ គុណភាពស្រូវនឹងថយចុះ ឬខូចទាំងស្រុង។ ចំពោះបញ្ហានេះ ឯកឧត្តមមានប្រសាសន៍ថា “ដើម្បីណោះស្រាយលើបញ្ហានេះ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងមានផែនការសាងសង់ឃ្លាំងស្ដុកស្រូវចំណី និងគ្រាប់ពូជស្រូវ នៅតាមបណ្ដាខេត្តគោលដៅចំនួន៣  គឺខេត្ដបាត់ដំបង កំពង់ធំ និងព្រៃវែង។ លើសពីនេះទៅទៀតយើងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ក្នុងការងារប្រតិបត្តិក្រោយប្រមូលផលស្រូវ លើការងារសម្ងួត និងរួមចំណែក ក្នុងការទប់ស្កាត់ បាននូវលំហូរ ស្រូវសើមទៅ ប្រទេសជិតខាង និងជួយបង្កើនបរិមាណនៃការនាំចេញអង្កររបស់កម្ពុជា ក៏ដូចជាបង្កើនប្រាក់ចំណូលដល់តួអង្គទាំងអស់ ផងដែរ។”

ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណ ដល់មន្ត្រីអនុវត្តគម្រោងទំាំងអស់ដែលបានខិតខំធ្វើការងារកន្លងមក ប្រកបដោយសាមគ្គីភាព និងបន្តលើកទឹកចិត្ត ដល់សហគមន៍ចងក្រងក្នុងការចញ្ចឹមសត្វ ជាពិសេសការដាំដុះបន្លែដោយមិនប្រើប្រាស់ជីគីមី ព្រោះបច្ចុប្បន្ន មានការដាំដុះ និងនាំចូលបន្លែគ្មានប្រភព ធ្វើអោយប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ៕

Related Post