រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ និងវេជ្ជបណ្ឌិតពេទ្យមធ្យម

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ និងវេជ្ជបណ្ឌិតពេទ្យមធ្យម សម័យប្រឡងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ក្នុងក្រុងស្ទឹងសែន ដែលមានដំណើរការប្រឡងយ៉ាងរលូន និងស្ងប់ស្ងាត់ធម្មតា។

ថ្លែងក្នុងពេលអញ្ជើញបើកវិញ្ញាសារ ឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង និងបានជូនពរបេក្ខជនប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ និងវេជ្ជបណ្ឌិតពេទ្យមធ្យម ទទួលបានជោគជ័យ។

ឯកឧត្តមបានឲ្យដឹងថា វិញ្ញាសាប្រលងនេះ ត្រូវបានរៀបចំដោយគណៈកម្មការកណ្តាល នៃគណៈរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ និងដោយមានការចាត់តាំងពីមន្ត្រីក្រសួងមហាផ្ទៃ នាំយកវិញ្ញាសាមកប្រឡងនេះ ត្រូវបានបេក្ខជន បេក្ខនារី និងគណៈកម្មប្រយោគចូលរួមជាសក្សី ដើម្បីបញ្ជាក់ថា វិញ្ញាសានេះពិតជាពុំមានរហែក ឬបែកធ្លាយពិតប្រាកដមែន។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវប្រឡង ត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លង ឬមានបំណងចម្លង មិនត្រូវពិភាក្សា ឬចម្លងគ្នាឡើយ មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិច មិនត្រូវយកចូលក្នុងបន្ទប់ប្រឡងបានឡើយ។

ម្យ៉ាងទៀត ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយអ្នកដែលបានពិន្ទុល្អជាងគេ ទើបអាចចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារកំពង់ធំបាន។

សូមជម្រាបថា បេក្ខជនប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ និងវេជ្ជបណ្ឌិតពេទ្យមធ្យមប្រឡងឆ្នាំនេះ មានចំនួនសរុប ១២៥នាក់ និងមានមណ្ឌលប្រឡងចំនួន ១មណ្ឌល ដែលត្រូបានចែកចេញជា ៧បន្ទប់ ក្នុងនោះបេក្ខជនវេជ្ជបណ្ឌិត ចំនួន ៦នាក់ ពេទ្យមធ្យម មានចំនួន ៣១នាក់ និងបេក្ខជនមន្ត្រីប្រតិបត្តិ មានចំនួន ៨៨នាក់ មកពី៤ខេត្ត រួមមានខេត្តកំពង់ធំ សៀមរាប ឧត្តមានជ័យ និងព្រះវិហារ ។

Related Post