រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ មានរៀបចំពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ធំបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាមការនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការមកទទួល សេវាសាធារណៈ តាមរយៈ យន្តការច្រកចេញចូលតែមួយ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ក្នុងន័យរួមចំណែកអនុវត្តឲ្យបាន ជោគជ័យនូវទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយចតុកោណដំណាក់កាលទី៣របស់ រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ធំកន្លងមក ហើយចូលរួមអបអរសាទរចំពោះក្រុមប្រឹក្សា ខេត្តកំពង់ធំអាណត្តិទី៣នេះ ដើម្បីបន្តដឹកនាំខេត្តកំពង់ធំ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមប្រឹក្សាអាណត្តិទី៣នេះ និងគណៈអភិបាលខេត្តកំពង់ធំ ត្រូវពន្លឿនការរៀបចំផែនការមេអភិវឌ្ឍន៍ (Master plan) ក្នុងខេត្ត និងតាមដងស្ទឹងសែនឱ្យបាន និងច្បាស់លាស់ជាទីបំផុត ដើម្បីជំរុញការអភិវឌ្ឍខេត្តដែលមានសក្ដានុពលនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនេះដែរឯកឧត្តមក៏បានធ្វើការណែនាំ បន្ថែមដូចខាងក្រោម៖
• បន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល សំដៅប្រែក្លាយរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាស្ថាប័នអភិបាលកិច្ចដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន
• បន្តលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកអនុវត្តដោយ ជោគជ័យនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា
• បន្តពង្រឹងតួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង ការចាត់ចែង ប្រើប្រាស់ធនធាន របស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយតម្លាភាព និងសុចរិតភាព
• បន្តលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍសង្គមប្រកបដោយសមធម៌។
សូមបញ្ជាក់ថានៅអាណត្តិទី៣នេះក្រុមប្រឹក្សាខេត្តកំពង់ធំមានចំនួន២៥រូប ក្នុងនោះ២៤រូប មកពី គណបក្ស ប្រជាជនកម្ពុជា និង១រូបមកពីគណបក្សហ្វុនស៊ិនប៉ិច ហើយឯកឧត្ដម ឈុន ឈន់ ជាប្រធានក្រុមប្រឹក្សាខេត្ត៕