ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិសចំពោះព្រះសីវៈ ។ ប្រាសាទសំបូរព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារៈសំណង់គឺ ឥដ្ឋកំបោរបាយអ ថ្មភក់ ឯប្លង់ប្រាសាទមានរាងបួនជ្រុង គ្រឿងលំអស្ថាបត្យកម្មមានផ្តែ និងសរសរពេជ្រ សុទ្ធសឹងធ្វើអំពីថ្មភក់ និង មានចំលាក់លើកំបោរបាយអ។
ក្រុមប្រាសាទសំបូរព្រៃគុកអ្នកប្រាជ្ញជំនាន់មុនបានកំណត់បែងចែកក្រុមប្រាសាទទាំងនោះជាបីក្រុមធំៗខុសគ្នា និង មានក្រុមតូចៗជាច្រើនទៀតដូចជា ៖
១. ក្រុមប្រាសាទខាងជើង (ក្រុមប្រាសាទសបូរ) សាងឡើងនៅដើមស.វទី ៧ ដោយព្រះបាទឦសនវរ្ម័នទី១។ ដែលព័ទ្ធជុំវិញដោយក្រុមប្រាសាទតូចៗជាច្រើន កសាងពីឥដ្ឋ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។
២-ក្រុមប្រាសាទកណ្តាល ហៅថាប្រាសាទតោ៖ ក្រៅ(ពីប្រាសាទតោ មានតួប៉មប្រាសាទតូចៗចំនួនប្រាំពីរទៀតសាងពីឥដ្ឋក្នុងដើមស.វ ទី៧ ដោយព្រះបាទឦសនវរ្ម័នទី១។ ចំពោះប្រាសាទតោដែលស្ថិតនៅក្នុងក្រុមកណ្តាល សាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងស.វទី៩ តាមរចនាបទរបស់ជ្វាឧទ្ទិសចំពោះព្រះសិវៈ ដែលគោរពលទ្ធិទេវរាជ។
៣-ក្រុមប្រាសាទខាងត្បូង ហៅថានាគព័ន្ធ ឬ យាយព័ន្ធ៖ សាងឡើងដោយព្រះបាទឦសានវរ្ម័នទី១ ដើមស.វទី៧ ជាសំណង់ដែលសង់ឡើងមានតួប៉មកណ្តាលមួយឈ្មោះថាប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ និង តួប៉មបន្ទាប់បន្សំទៀតមានចំនួន៧ ដែលស្ថិតនៅក្នុងកំពែងពីរជាន់ព័ន្ធជុំវិញ កំពែងខាងក្នុងសាងពីឥដ្ឋ កសាងឡើងសម្រាប់ឧទ្ទិសចំពោះព្រះសិវៈ(ជាសិល្បៈចម្លងចេញពីស្នាដៃសិល្បៈឥណ្ឌា) ។
ក្រុមប្រាសាទតូចៗមាន៖
-ក្រុមប្រាសាទរបងរមាស ឬ ក្រោលរមាស
-ក្រុមប្រាសាទត្រពាំងរពាក់, ក្រុមប្រាសាទឬស្សីរលែក, ក្រុមប្រាសាទសណ្តាន់