១. រូប Logo និង អគាររដ្ឋបាលមន្ទីរ
២. សាវតាមន្ទីរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ស្ថិតនៅជាប់មាត់ស្ទឹងសែន ភូមិទី៧ សង្កាត់ កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានផ្ទៃដីទំហំ ៣.៣៩៣ ម៉ែត្រក្រឡា ខាងកើតជាប់មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ខាងជើងជាប់មាត់ស្ទឹងសែន ខាងត្បូងជាប់មន្ទីរបរិស្ថាន និងខាងលិចជាប់ផ្លូវសណ្ឋាគារខេត្តចាស់។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ជាអង្គភាពចំណុះឲ្យក្រសួងអភិវឌ្ឍន៍ជនបទ តាមខ្សែបណ្តោយ និងចំណុះឲ្យសាលាខេត្តកំពង់ធំ តាមខ្សែទទឹង ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅ ថ្នាក់ខេត្ត។
៣. ទស្សនៈវិស័យ ឬចក្ខុវិស័យ
ទស្សនៈវិស័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទគឺឲ្យតំបន់ជនបទ ទូទាំងខេត្ត ក្លាយជាតំបន់អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និង បរិស្ថានល្អ ដែលមានប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព និងជីវភាពសមរម្យ ។ ទន្ទឹមនេះ មន្ទីរមានគោលដៅ ជំរុញប្រសិទ្ធភាព និង គណនេយ្យភាពនៃ កាផ្ដល់សេវាសាធារណៈឲ្យដល់ថ្នាក់មូលដ្ឋានតាមរយៈការជួសជុល និង សាងសង់ហេដ្ឋារចនាសម័ន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹក និងអនាម័យ ការអភិវឌ្ឍន៍សហគមន៍ ការផ្ដល់ឥណទាន រួមនឹងវិស័យដទៃទៀត ដើម្បីធ្វើឲ្យតំបន់ជនបទប្រែក្លាយជាតំបន់អភិវឌ្ឍន៍ ។
៤. គោលដៅ
សកម្មភាពអភិវឌ្ឍន៍នឹងត្រូវតម្រង់ទិសដៅរកដំណោះស្រាយបញ្ហា សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខនៃតំបន់ដ៏ជាក់លាក់ ដោយផ្អែកទៅលើស្ថានភាព និងតម្រូវការជាក់ស្ដែង របស់ប្រជាជន។ ការជ្រើសរើសតំបន់គោលដៅនឹងត្រូវបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការអភិវឌ្ឍន៍ជនបទស្រុក-ក្រុង ជាអ្នកសម្រេច ។ រាល់កម្លាំងនឹងត្រូវប្រើប្រាស់ ដើម្បីកែលំអកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់តំបន់ (ទោះបីជាបច្ចុប្បន្ននៅអន់ថយ មានកំរិតមធ្យម ឬជឿនលឿនក៏ដោយ) ។ រដ្ឋាភិបាល និង ភ្នាក់ងារអន្តរជាតិនឹងប្រមូលផ្ដុំកម្លាំង និងធនធានទៅអភិវឌ្ឍនៅតំបន់អន់ថយ និងតំបន់ កម្រិតមធ្យម ក្នុងខណៈពេលជាមួយគ្នានោះការបង្កើនការវិនិយោគដោយផ្នែកឯកជននៅក្នុង តំបន់ជឿនលឿន ក៏ត្រូវបានលើកទឹកចិត្ត ។ នឹងផ្តល់ការសង្កត់ធ្ងន់ទៅលើការរួមបញ្ចូលគ្នា នូវកម្លាំងរបស់ស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិ ផ្នែកឯកជននិងសាធារណជនទូទៅ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់សហគមន៍ជនបទ និងជម្រុញសកម្មភាពដែលបង្កើតឡើងនូវផលិតកម្មប្រាក់ចំណូល និងការងារធ្វើដោយប្រើប្រាស់នូវបច្ចេកវិទ្យាសមស្របទៅតាមតម្រូវការនិងកន្លែងនីមួយៗ ។
៥. ទិសដៅ
កែលំអគុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ ដោយលើកទឹកចិត្តនិងផ្ដល់ភាពងាយស្រួលដល់ស្វ័យភាពគ្រប់គ្រាន់ផ្នែកសេដ្ឋកិច្ច និងសកម្មភាពយល់ដឹងខាងសង្គម ជានិច្ចកាលលើរដ្ឋាភិបាលកណ្ដាល ឬភ្នាក់ងារផ្ដល់ជំនួយឱ្យជួយឧបត្ថម្ភ ។ ជាក់ស្ដែងលើកទឹកចិត្តនិងធ្វើឱ្យបានសម្រេចនូវអាកប្បកិរិយាឯករាជ្យ ដើម្បីដោះស្រាយបញ្ហាខ្លះៗរបស់គេ និងទទួលបាននូវភាពសោមនស្សជាបុគ្គលពីការធ្វើឱ្យមានវឌ្ឍនភាពខ្លួនគេ។ លើកទឹកចិត្ត និងជួយដល់សហគមន៍ជនបទឱ្យចូលរួមដោយផ្ទាល់ ក្នុងការកែលំអ ផលិតកម្ម កសិកម្ម ឧស្សាហកម្មជនបទ និងការស្វែងរកទីផ្សារសំរាប់ដោះដូរផលិតផលរបស់គេ។ ការអភិវឌ្ឍន៍នេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ។ ខិតខំប្រឹងប្រែង ដោយប្រើប្រាស់គ្រប់មធ្យោបាយក្នុងការរារាំងដល់ចលនាចាកចេញពីជនបទ ទៅទីក្រុងរបស់បុគ្គល និងគ្រួសារ ។ ភាពណែនណាន់តាន់តាប់នៅក្នុងទីក្រុង បង្ហាញឱ្យឃើញការកើនឡើងជាលំដាប់នូវបញ្ហាដ៏ធ្ងន់ធ្ងរនៅកម្ពុជា ។ ការកែលំអសេដ្ឋកិច្ចជនបទ ដែលចាត់ទុកថាជាការងារអាទិភាពនោះ អាចជួយធ្វើឱ្យប្រែក្រឡះនូវនិន្នាការបច្ចុប្បន្នដោយស្ដារឡើងវិញ នូវទំនុកចិត្តក្នុងជីវភាពជនបទ និងលើកទឹកចិត្តការអភិវឌ្ឍន៍សហគមន៍ដែលជួយលើកស្ទួយដល់ កម្រិតជីវភាពរស់នៅ ជនបទ ។
៦. បេសកកម្ម
មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវឆ្លើយតប ជាដំបូង ចំពោះ តម្រូវការរយៈពេលខ្លី និង ជាបន្ទាន់របស់ប្រជាពលរដ្ឋជនបទកម្ពុជា ដែលទទួលផលវិបាកពីមហន្តរាយ បង្កឡើងដោយធម្មជាតិ ឬ មនុស្សហើយជាបន្ទាប់មកត្រូវធានាថា ការរងទុក្ខវេទនានៅតំបន់ជនបទ ត្រូវបានឆ្លើយតបភ្លាមៗដោយប្រសិទ្ធភាព និងបន្ធូរបន្ថយបានយ៉ាងឆាប់រហ័ស។ មន្ទីរអភិវឌ្ឍន៍ជនបទ ព្យាយាមបង្កើតឡើងនូវ ការអភិវឌ្ឍប្រកបដោយចីរភាព នៅគ្រប់តំបន់ជនបទដោយលើកទឹកចិត្តដល់ស្វ័យភាពគ្រប់គ្រាន់ ដែលអាចផ្តល់លទ្ធភាពដល់សហគមន៍ជនបទ ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ចជាតិ។ មន្ទីរអភិវឌ្ឍន៍ជនបទ តំណាងឱ្យ សេចក្ដីសង្ឃឹម បំណងប្រាថ្នា ដែលពុំទាន់សម្រេចបាននៅឡើយនៅជនបទកម្ពុជា តាមរយៈសន្តិភាពនិងវឌ្ឍនភាពឈានទៅរកភាពចម្រុងចម្រើន ។ នេះជាមូលដ្ឋានគ្រឹះដែលអាចផ្ដល់ និងធានារ៉ាប់រងដល់គុណភាពជាសារវន្ត នៃជីវភាពរបស់ប្រជាពលរដ្ឋជនបទគ្រប់រូប ។
៧.រចនាសម្ព័ន្ធគ្រប់គ្រង
៧.១ ការិយាល័យចំណុះ
១. ការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ
២. ការិយាល័យផែនការ និងស្ថិតិ
៣. ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
៤. ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ
៥. ការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិច
៦. ការិយាល័យផ្គត់ផ្គង់ទឹកជនបទ
៧. ការិយាល័យថែទាំសុខភាពជនបទ
៨. ការិយាល័យអភិវឌ្ឍន៍សហគមន៍
៩. ការិយាល័យសេដ្ឋកិច្ចជនបទ
១០. ការិយាល័យផ្លូវជនបទ
១១. ការិយាល័យអភិវឌ្ឍន៍ជនបទក្រុង-ស្រុក
៧.២ អំពីបុគ្គលិក
បច្ចុប្បន្នមន្ទីរមានមន្រ្តីសរុបចំនួន ៥៤រូប ស្រី ០៦រូប ក្នុងនោះមាន ៖
- ប្រធានមន្ទីរ ០១រូប និងអនុប្រធានមន្ទីរ ០៣រូប
- មន្រ្តីបម្រើការងារនៅតាមការិយាល័យជំនាញ ទាំង១០ការិយាល័យចំណុះឲ្យមន្ទីរ សរុបមានចំនួន ៣២ រូប ស្រី ០៦ រូប ក្នុងនោះមានមន្រ្តីកម្មសិក្សាចំនួន ០៤ រូប ស្រី ០៣ រូប និងមន្ត្រីកិច្ចសន្យា ០១ រូប
- មន្រ្តីបម្រើការងារនៅតាមការិយាល័យអភិវឌ្ឍន៍ជនបទ ក្រុង ស្រុក ទាំង០៨ សរុប មានចំនួន ១៨ រូប ស្រី ០០ រូប
៨. ស្ថានភាពទូទៅ
៨.១ សក្តានុពល
ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ទាំងរូបវន្ត និងអរូបវន្ត ប្រកបដោយប្រសិទ្ធិភាព និងនិរន្តរភាព។
៨.២ បញ្ហាប្រឈម
– ប្រជាពលរដ្ឋជាប់រវល់ធ្វើស្រែចំការពុំបានចូលរួមជាមួយគម្រោងគ្រប់គ្នាទេ។
– សហគមន៍ដែលទទួលបានសម្ភារៈ បង្គន់ដល់ផ្ទះហើយខ្វះការចូលរួមសាងសង់។
– គ.អ.ភ មួយចំនួនធ្វើ ចំណាកស្រុកដោយជីវភាពខ្វះខាត។
- ការបំពេញ និង អនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យជំនាញនូវមានការខ្វះចន្លោះ។
- សម្រាប់គម្រោងឥណទានក្រសួង អជប ខ្វះទុនដាក់ឲ្យអតិថិជនខ្ចី។
៩. សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
ទទួលខុសត្រូវលើការងារអភិវឌ្ឍន៍ជនបទចំរុះថ្នាក់គ្រួសារ ភូមិ និងឃុំ។ (នេះគិតបញ្ចូលទាំងអស់ នូវតួនាទីដោយផ្ទាល់ និងដោយប្រយោល របស់មន្ទីរអភិវឌ្ឍន៍ជនបទ)។ លើកស្ទួយកំរិតនៃការរស់នៅ និងគុណភាពនៃជីវភាពរបស់ប្រជាពលរដ្ឋជនបទ ដោយកាត់បន្ថយ ភាពក្រីក្រតាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធជនបទ (ដូចជាផ្លូវលំជនបទ ការផ្គត់ផ្គង់ទឹកជនបទ៘) ការជម្រុញការថែទាំសុខភាពបឋម ការអភិវឌ្ឍន៍កសិកម្ម ការផ្ដល់ឥណទាន ជនបទ ការជម្រុញមុខរបរ ឧស្សាហកម្មតូចតាច និងការផ្ដល់សំណង់ទីផ្សារជនបទ។ ជម្រុញការអភិវឌ្ឍន៍ធនធានមនុស្សចំពោះសហគមន៍ជនបទ (និងមន្ត្រីរាជការ ម.អ.ជ) ដោយ រៀបចំចាត់តាំងផ្សព្វផ្សាយ និងផ្ដល់លទ្ធភាព ក្នុងការបើកកម្មវិធីបណ្ដុះបណ្ដាល សិក្ខាសាលា និងការប្រជុំផ្លាស់ប្ដូរបទពិសោធន៍ការងារ ដែលទាក់ទងទៅនឹងតម្រូវការបណ្ដុះបណ្ដាលជាក់លាក់ និងបានកំណត់រួច អាស្រ័យហេតុនេះទេពកោសល្យបុគ្គលក៏ត្រូវបានអភិវឌ្ឍន៍ ជម្រុញ ឱ្យមានជារួមនូវភាពឯករាជ្យម្ចាស់ការរបស់សហគមន៍ តាមរយៈការផ្ដល់ឱកាសការងារធ្វើ ។
ថវិការបស់មន្ទីរអភិវឌ្ឍន៍ជនបទប្រចាំឆ្នាំ២០១៨ គឺបានប្រភពមកពីថវិការដ្ឋ។
១០.អាស័យដ្ឋាន និងលេខទំនាក់ទំនង
អាស័យដ្ឋានៈ វិថីស្ទឹងសែន, ភូមិទី ៧, សង្កាត់កំពង់ធំ, ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ,ទូរស័ព្ទៈ (៨៥៥) ៦២ ២១០ ៤៤៨/១១ ២៩៧ ៧៧៧, អ៊ីម៉ែល: mrd.kampongthom@gmail.com