- សាវតារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៨ តាមព្រះរាជក្រឹត្យលេខនស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ហើយនៅក្នុងនីតិកាលទី២នៃរដ្ឋសភា ទើបច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចូលជាធរមាន តាមព្រះរាជក្រមលេខនស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ។ ក្រសួងមានបេសកកម្មដឹកនាំ និងគ្រប់គ្រងលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងសម័យមុនៗ វិស័យការងារទាំងអស់នេះស្ថិតនៅក្រោមចំណុះស្ថាប័នច្រើនដោយឡែកពីគ្នា ។ ពីសម័យសង្គមរាស្ត្រនិយមរហូតមកដល់មុនឆ្នាំ១៩៧៥ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋាននគរូបនីយកម្មនិងលំនៅឋាន នៃក្រសួងសាធារណការ ហើយនៅតាមខេត្ត-ក្រុង កិច្ចការនេះត្រូវបានគ្រប់គ្រងដោយមន្ទីរសាធារណការខេត្ត-ក្រុង ។
ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មន្ទីររៀបចំក្រុង ត្រូវបានបង្កើតនៅក្រុងភ្នំពេញ និងការិយាល័យសំណង់ ត្រូវបានបង្កើតនៅតាមបណ្តាខេត្ត ដោយនៅខេត្តខ្លះត្រូវដាក់ឲ្យស្ថិតនៅក្រោមមន្ទីរផែនការ និងនៅខេត្តខ្លះទៀត ការិយាល័យនេះស្ថិតនៅក្រោមមន្ទីរឧស្សាហកម្ម ។ ទន្ទឹមនឹងនេះសហគ្រាសសំណង់មួយក៏ត្រូវបានបង្កើតឡើង ស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម ដើម្បីសាងសង់សំណង់របស់រដ្ឋនៅទូទាំងប្រទេស លើកលែងសំណង់របស់ក្រសួងពាណិជ្ជកម្ម ដែលនាពេលនោះមានក្រុមហ៊ុនស្ថាបនាមួយ ។ ឆ្នាំ១៩៨៦ ដោយវិស័យសំណង់មានការរីកចម្រើន អគ្គនាយកដ្ឋានសំណង់ ត្រូវបានបង្កើតឡើងស្ថិតនៅចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលនីតិកាលទី១នៃរដ្ឋសភា អគ្គនាយកដ្ឋាននេះ ស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន ។ លុះឆ្នាំ១៩៩៤ ក្រោយមានច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានដឹកនាំនិងគ្រប់គ្រងដោយគណៈកម្មាធិការជាតិរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ដែលមានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី ។
វិស័យសុរិយោដីត្រូវបានបង្កើតនៅឆ្នាំ១៩០៨ មានឈ្មោះថា ក្រុមសុរិយោដី និងឋានលេខា ស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ហើយនៅឆ្នាំ១៩២៥ ត្រូវបានបង្កើតនាយកដ្ឋានអភិរក្សភូមិបាល ស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុ ។ ឆ្នាំ១៩៤៨-១៩៧៥ ក្រុមសុរិយោដី និងការិយាល័យភូមិបាល ត្រូវបានបង្កើតឡើងស្ថិតនៅក្រោមក្រសួងកសិកម្ម ។ ឆ្នាំ១៩៨៩-១៩៩៤ វិស័យនេះស្ថិតនៅក្រោមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជានាយកដ្ឋានសុរិយោដី ហើយចាប់ពីឆ្នាំ១៩៩៥ ដល់ដើមឆ្នាំ១៩៩៩ ជានាយកដ្ឋានសុរិយោដី ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី
ចំណែកឯវិស័យភូមិសាស្ត្រវិញ ពីឆ្នាំ១៩៥៥ ស្ថិតនៅចំណុះក្រសួងការពារជាតិ មានឈ្មោះថា ក្រុមភូមិសាស្ត្រកម្ពុជា បន្ទាប់មកដូរឈ្មោះជាក្រុមភូមិសាស្ត្រខ្មែរ នៅក្រោមរបប លន់ នល់ និងពីឆ្នាំ១៩៨៥-១៩៩១ ជាការិយាល័យព្រំដែន ចំណុះក្រុមប្រឹក្សារដ្ឋមន្ត្រី និងពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ ១៩៩៨ ជានាយកដ្ឋានភូមិសាស្ត្រ ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយមើលឃើញសារសំខាន់ និងចំណងទាក់ទងនៃវិស័យការងារខាងលើ ដែលចល័តនៅក្រោមចំណុះ ស្ថាប័នច្រើនដោយឡែកៗពីគ្នា ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះឡើង ដើម្បីទទួលបន្ទុកប្រមូលផ្តុំការងារទាំងអស់ខាងលើឲ្យមានស្ថេរភាព និងស្ថិតនៅក្រោមស្ថាប័នតែមួយ ។ នៅពេលចាប់ផ្តើមដំណើរការក្រសួងដំបូងទីស្តីការក្រសួងមានអគារធ្វើការនៅលើទីតាំងដី៣កន្លែងស្ថិតនៅឆ្ងាយពីគ្នាក្នុងខណ្ឌ២ផ្សេងគ្នារួមមាន៖ នៅលើទីតាំងដីនៅទីនេះមានសំណង់អគារលំនៅឋាន០៣អគារ និងសាលប្រជុំតូចមួយសម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីតាំងទី២ មានអគារលំនៅឋាន០២អគារ សម្រាប់ការងារសុរិយោដី និងនៅទីតាំងទី៣ មានសំណង់អគារលំនៅឋាន០១អគារសម្រាប់ការងារភូមិសាស្ត្រ ។ នៅចុងឆ្នាំ១៩៩៩ រាជរដ្ឋា ភិបាលបានអនុញ្ញាតឲ្យសាងសង់អគារថ្មីមួយខ្នងទៀតនៅលើទីតាំងនេះ ដើម្បីដោះស្រាយកន្លែងធ្វើការជូនមន្ត្រីរាជការ ដែលមានកំណើនជាលំដាប់ស្របតាមសំណូមពរការងារកើនឡើង។ ។
ទាក់ទងនឹងគម្រោងសាងសង់អគារនេះ ការសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់ គ្រឿងផ្គុំសំណង់ត្រូវបានសិក្សាដោយស្ថាបត្យករ និងវិស្វករកូនខ្មែរជាមន្ត្រីរបស់ក្រសួងទាំងស្រុង ។ ឯដំណើរការសាងសង់ក៏ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដោយអ្នកបច្ចេកទេសដែលជាមន្ត្រីរបស់ក្រសួងដែរ ។ ការរៀបចំលក្ខណៈស្ថាបត្យកម្មផ្នែកខាងក្រៅនៃអគារ បានបញ្ចូលនូវសមាសភាពស្ថាបត្យកម្មជាតិលំនាំរចនាបថខ្មែរសម័យអង្គរ រួមជាមួយស្ថាបត្យកម្មសម័យទំនើប ។ គម្រោងប្លង់ទាំង២ត្រូវបានរៀបចំឡើងដោយទស្សនទាន នៃប្រសិទ្ធភាពប្រើប្រាស់ និងតាមបទដ្ឋានបច្ចេកទេសដែលធានាគុណភាព សុវត្ថិភាពសំណង់ និងសោភណភាព ។ ការរៀបចំរបៀងខ្យល់នៅចន្លោះកណ្តាលតាមបណ្តោយជួរបន្ទប់ធ្វើការ មានភាពអំណោយផលដល់ផាសុខភាព ។ ផ្ទៃក្រឡាសំណង់សរុបមាន ១៥.៦៩៤ ម៉ែត្រការ៉េ កម្ពស់សំណង់មាន៩ជាន់ ស្មើនឹង ៣៦.៨៥ ម៉ែត្រ គិតត្រឹមស្លាបជញ្ជាំងជាន់នីមួយៗមានកម្ពស់ ៣.៩០ ម៉ែត្រ លើកលែងជាន់ផ្ទាល់ដីដែលមានកម្ពស់ ៥.៦៥ ម៉ែត្រ ។ ជាន់នីមួយៗនៃសំណង់ត្រូវបានរៀបចំតាមមុខងារប្រើប្រាស់ ខុសៗគ្នាទៅតាមផែនការងារជំនាញ ។
រចនាសម្ព័នកន្លែងធ្វើការសំខាន់ៗរួមមានសាលប្រជុំធំចំណុះ ៦៥០ នាក់ បន្ទប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ បន្ទប់ប្រជុំថ្នាក់ដឹកនាំ ឬប្រជុំទ្វេភាគី ឬពិធីចុះហត្ថលេខា បន្ទប់ប្រជុំកម្រិតជំនាញតាមផែនការងារនីមួយៗ ឃ្លាំងឯកសារ និងកន្លែងធ្វើការគ្រប់គ្រាន់ ។ អគារនេះបំពាក់ដោយប្រព័ន្ធសន្តិសុខ សុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ប្រព័ន្ធទូរស័ព្ទ បណ្តាញអគ្គិសនី បណ្តាញទឹក ជណ្តើរយន្ត ០៤ គ្រឿង និងប្រព័ន្ធផ្សេងៗទៀត។
2. ឡូហ្គូក្រសួង
3. រូបភាពស្លាកឈ្មោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
4.ទិសដៅ
– ផ្សព្វផ្សាយ បទដ្ឋានគតិយត្តពាក់ព័ន្ធវិស័យសំណង់ ទូទាំង ៨ក្រុង/ស្រុក ដល់អាជ្ញាធរ ឃុំ/សង្កាត់ ចូលរួមសហការជាមួយអាជ្ញាធរខេត្ត ដើម្បីបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យ និងដោះស្រាយវិស័យសំណង់ដើម្បីអោយពង្រឹងវិស័យសំណង់អោយមានប្រសិទ្ធិភាពខ្ពស់បំផុត។
– ផ្សព្វផ្សាយឯកសារគតិយុទ្ធពាក់ព័ន្ធ និងសេវាសាធារណៈរបស់ក្រសួងអោយបានទូលំទូលាជ្រាប ដល់សាធារណៈជន ។
– ពង្រឹកការគោរពបរិបទពេលវេលាក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងគុណភាព។
– ធ្វើចរន្តការនិងលេខាចារឹក ក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុនិងសៀវភៅគោលបញ្ជីឲ្យស្របដូចគ្នាទាំងថ្នាក់ (អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្ត មន្ទីរ និងការិយាល័យរៀបចំដែនដី នគរូបនីយ កម្មសំណង់ និងភូមិបាល ក្រុង/ស្រុក )
– ចុះត្រួតពិនិត្យឯកសារការងារសុរិយោដីគ្រប់ស្រុក និងក្រុង ៣ខែម្តង និងណែនាំឲ្យអនុវត្តតាមនីតិ វិធីនៃក្រមរដ្ឋប្បវេណីថ្មី។
-ជម្រុញការចេញប័ណ្ណឲ្យទាន់ពេលវេលាទាំងការចុះបញ្ជីដីធ្លីដាច់ដោយដុំ ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ
-ជម្រុញអនុវត្តការងារក្រុមដោះស្រាយវិវាទចល័តរបស់មន្ទីរ នៅស្រុកគោលដៅចំនួន០៣ស្រុកគឺ៖
– ស្រុកសន្ទុក ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់លើករណីវិវាទចំនួន២៩ករណីរបស់គណៈកម្មការរដ្ឋបាល
– ពង្រឹងសមត្ថភាពមន្រ្តីនារី និងតែងតាំងអោយមានតួរនាទីជាថ្នាក់ដឹកនាំ ដើម្បីលើកកំពស់សមភាព
យេនឌ័រ។
-បន្តការផ្សព្វផ្សាយបញ្រ្ជាបយេនឌ័រ ក្នុងការចុះបញ្ជីដីធ្លី និងផ្សព្វផ្សាយអនុសាសន៏៦ចំនុចរបស់សម្តេចកត្តិ ។
5. គោលដៅ
– ចុះបញ្ជីដី ដើម្បីពង្រឹងការងារគ្រប់គ្រងដីអោយមានប្រសិទ្ធិភាព។
– កាត់បន្ថយវិវាទដីធ្លី កាត់បន្ថយការរំលោភយកដីសាធារណៈរបស់រដ្ឋ។
– បង្កើនប្រសិទ្ធិភាពគ្រប់គ្រង់សំណង់ ការដ្ឋានសំនង់ សុវត្ថិភាពការដ្ឋាន គ្រឹះស្ថានសិក្សាគម្រោងប្លង់ ការអនុវត្តបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធវិស័យសំណង់
– លើកតម្កើយយែនឌ័រពាក់ព័ន្ធវិស័យដីធ្លី។
6.ហេដ្ឋារចនាសម្ព័នមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
7.បេសកកម្ម
– វាស់វែងដីជូនប្រជាពលរដ្ឋលក្ខណៈជាប្រព័ន្ធដែលកំពុងអនុវត្តននៅ៤ស្រុក។
– វាស់វែងដីនៅលក្ខណៈជាដុំគឺអនុវត្តតាមសំណូមពរប្រជាពលរដ្ឋ។
– ចុះដោះស្រាយ ស្រាវជ្រាវបញ្ហាវិវាទដីធ្លីតាមរយៈគណៈកម្មារសុរិយាដី(ក្រៅប្រព័ន្ធតុលាការ)។
– ធ្វើចរន្តការ ឯកសារសុរិយាដីក្នុងការផ្ទេរ បញ្ចាំ ជួល ទុតិយកាផ្សេងៗច្រើនទៀត។
– ផ្សព្វផ្សាយរាល់សេចក្តីណែនារបស់ថ្នាក់លើដល់ប្រជាពលរដ្ឋលើការសាងសង់ទាំងលំនៅដ្ឋាន ឃ្លាំងសម្ភារៈ រោងចក្រជាដើម។
– គ្រប់គ្រងរាល់ការសាងសង់សំណង់ដែលអាជ្ញាធរបានអនុញ្ញាតិ(ទាំងសមត្ថកិច្ចក្រសួង និង ខេត្ត)។
– ចេញលិខិតអនុញ្ញាតិបើកការដ្ឋានអោយសាងសង់ គោរពតាមប្លង់សំណង់។
– គ្រប់គ្រងក្រុមហ៊ុនសាងសង់ ក្រុមជាងសំណង់ ក្នុងដែនសមត្ថិកិច្ច។
– តាមដានការសាងសង់គ្រប់ការដ្ឋានសំណង់។
– ចាំបាច់ត្រូវរៀបប្លង់គោលរបស់ខេត្ត។
– រៀបចំកំណត់តំបន់ ដែលត្រូវសាងសង់ លំនៅដ្ឋាន ឃ្លាំងសម្ភារៈ និង ផ្សេងៗ(អនាគតរោងចក្រផ្សេងៗ)។
– សិក្សាកំណត់តំបន់សម្បទានសេដ្ឋកិច្ច សម្បទានសង្គមកិច្ច។
– បណ្តុះបណ្តាលមន្រ្តីជំនាញ រៀបចំដែនដី និង នគរូបនីយកម្ម។
8. ស្ថានភាពទូទៅនៃវិស័យមន្ទីរ
+ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់់ និងសុរិយោដីខេត្តមានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ មានករិយាល័យចំណុះ៤ក្នុងនោះមានៈ
– ការិយាល័យសុរិយាដី និង ភូមិសាស្រ្ត
– ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
– ការិយាល័យរដ្ឋបាល
– ការិយាល័យលំនៅដ្ឋាន និងមានការិយាល័យដនសភ៧ ស្រុក និងក្រុង១ ដែលជាបណ្តោយ។
+ សកម្មភាពស្នូល និងថវិការបស់មន្ទីរប្រចាំឆ្នាំ
– គ្រប់គ្រងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គ្រប់គ្រងការផ្ទេរ ធ្វើអំណោយការចុះបញ្ជីបន្ត ការចុះបន្ទុក និងសកម្មភាពជាច្រើនទៀត។
– លើវិស័យសំណង់តាមដានរាល់ការសាងសង់សំណង់ផ្សេងៗរាប់ទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាតិ
– គ្រប់គ្រងក្រុមហ៊ុន ក្រុមជាងសំណង់ផ្សេងៗ
– សហការសម្របសម្រួល ដោះស្រាយវិវាទដីធ្លីតាមរយៈគណៈកម្មការសុរិយាដី
– គ្រប់គ្រងការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ
– គ្រប់គ្រងប្រមូលចំណូលពីសេវាសុរិយាដី និង សំណង់ និងធ្វើការបង់ចូលរដ្ឋ និងធ្វើការបែងចែកជាប្រាក់រង្វាន់ដល់បណ្តាពាក់ព័ន្ធ
– ការងារច្រើនទៀតពីឯកឧត្តមអភិបាលខេត្តតំរូវការអោយវាស់វែងធ្វើការស្រាវជ្រាវ ដីស្នើសុំឈូសឆាយ ដីទំនាស់ជាមួយក្រុមហ៊ុនជាដើម។
-រួមសហការជាមួយស្ថាប័នតុលាការខេត្ត ថ្នាក់លើតំរូវអោយធ្វើការវាស់វែង ការវាយតំលៃដី ការចូលរួមអនុវត្តសាលដីកា ការចុះលិខិតផ្ទុកផ្តាក់ ការចុះបញ្ជីរឹបអូស។
9. អាស័យដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់់ និងសុរិយោដីខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិទី៧ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លេខទូរស័ព្ទទំនាក់ទំនង៖ ០១២៥២៦៤០៩ (ប្រធានមន្ទីរ ទទួលរៀងរាល់ម៉ោងធ្វើការ) ០៦២២១០៥២៣(ទទួលរៀងរាល់ម៉ោងធ្វើការ)
រូបភាពផែនទីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំពីGoogle Maps។