រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត សុំសិរីសួស្តី ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាលសាលាខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្ត សុំសិរីសួស្តី ដើម្បីត្រៀមទទួលទេវតា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដើម្បីបណ្តេញគ្រោះចង្រៃនៅឆ្នាំចាស់ និងលើករាសី សម្រាប់ឆ្នាំថ្មី នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។

ពិធីនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តចម្រើន ព្រះបរឹត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផល បុណ្យជូនដល់ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងធ្វើការបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ទុង្សាទេវី ដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រងកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទូទាំងខេត្តកំពង់ធំទាំងមូល សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ធំ ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំជាច្រើន និងមន្ត្រីរាជការ អញ្ជើញទស្សនាការសម្តែងនូវរបាំត្រុដិ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅសាលាខេត្តកំពង់ធំ ដើម្បីបណ្តេញចេញនូវរឿងរ៉ាវ មិនល្អក្នុងឆ្នាំចាស់ ហើយនាំជំនួសមកវិញនូវជោគជ័យ សិរីសួស្តី និងសូមឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល មានក្តីសុខក្សេមក្សាន្តគ្រប់ក្រុមគ្រួសា៕

Related Post