រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្ត និងបន្តចុះសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលបុរីកុមា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមន្ត្រីរាជការរដ្ឋបាលខេត្ត និងបន្តចុះសួរសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលបុរីកុមាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ឈុន ឈន់ និង ឯកឧត្តម សុខ លូ មានប្រសាសន៍ស្រដៀងគ្នាលើកឡើងថា តាមរយៈការបំពេញការងារ ដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ធ្វើឲ្យខេត្តកំពង់ធំទទួលបាននូវសមិទ្ធផលជាច្រើន និងកំពុងកែប្រែនូវមុខមាត់ថ្មីថែមទៀត។ ទន្ទឹមនឹងនោះ ឯកឧត្តម បានធ្វើការណែនាំមួយចំនួន និងផ្តាំផ្ញើដល់មន្ត្រីរាជការរដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម សុខ លូ និងសហការី បានចុះសួសុខទុក្ខអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះ ក៏ដូចជានៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ដែលបានខិតខំអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការពិនិត្យ ព្យាបាលជម្ងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយធ្វើការគ្មានថ្ងៃ គ្មានយប់ គ្មានថ្ងៃឈប់សម្រាក មិនខ្លាចការនឿយហត់អ្វីទាំងអស់។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ និងសហការី បានឆ្លៀតពេលបន្តដំណើរ ចុះសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ម៉ែដោះ និងក្មួយៗ នៅមណ្ឌលបុរីកុមាខេត្តកំពង់ធំ ព្រមទាំងមានមតិផ្ដាំផ្ញើដល់ក្មួយៗទាំងអស់ ដែលមកស្នាក់បន្តការសិក្សារៀនសូត្រ ត្រូវខិតខំត្រងត្រាប់ស្ដាប់លោកគ្រូ អ្នកគ្រូ ម៉ែដោះ ក៏ដូចជារៀមច្បងរបស់យើង ដែលពួកគាត់បានខិតខំរៀនសូត្រ ប្រឡងជាប់បាក់ឌុប រហូតដល់បាននិទ្ទេស A ថែមទៀតផង និងបានបន្តការសិក្សាថ្នាក់បញ្ញាប័ត្រ បរិញ្ញាប័ត្ររង មានចំណេះដឹងខ្ពង់ខ្ពង់ និងមានការងារធ្វើល្អៗ។ ក្នុងនោះឯកឧត្តម បានផ្ដាំផ្ញើដល់ម៉ែដោះទាំងអស់ ត្រូវស្រលាញ់ក្មួយៗ ដែលនៅទីនេះ ដូចជាកូន ជាក្មួយ ជាចៅរបស់យើង ដែលជាអ្នកទំនុកបំរុងមើលថែគាត់ដូចជាឪពុកម្ដាយ៕

Related Post