នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធពីធីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ទុង្សាទេវី ដែលយាងចូលមកថែរក្សាគ្រប់គ្រងកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ពិធីទទួលទេវតានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំទៅតាមប្រពៃណី ក្នុងគោលបំណងដើម្បីជួយប្រោះព្រំប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ធំទាំងមូល សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ធំ ឲ្យកាន់តែមានការរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត ជាពិសេសផ្តល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងកម្មវិធី «សង្កា្រនថ្មីសំបូរព្រៃគុក» នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលនេះ។ ដោយមានការរៀបចំនូវរណ្ដាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមពីបុរាណរៀងរហូតមក រួមមាន៖ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពាន ១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
សូមរំលឹកថា សង្ក្រានថ្មីសំបូរព្រៃគុក ប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩ ដោយមានការលេងល្បែងប្រជាប្រិយផ្សេងៗ (បោះឈូង បោះអង្គុញ ទាញព្រ័ត្រ, វាយក្អម, ប្រណាំងរទេះគោ លោតក្នុងបាវជាដើម) និងកម្មវិធីតាំងពិព័ណ៌លក់ផលិតផលផ្សេងៗ របស់បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុក ទាំង ៩ ក្នុងខេត្តកំពង់ធំទៀតផង៕