នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២១០៦ រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ច ប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមសជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។
របៀបវារៈនៃអង្គប្រជុំរួមមាន
១). ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត
២). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៧ របស់រដ្ឋបាលខេត្ត
៣). ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត
៤). ពិនិត្យ និងអនុម័តប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណាត្តិទី២ ឆ្នាំទី៤
៥). ពិនិត្យ និងអនុម័តលើការបែងចែកតួនាទីភារកិច្ចរបស់គណៈអភិបាលខេត្ត
៦). ពិនិត្យ និងអនុម័ត លើសំណើរសុំតែងតាំងមន្ត្រីតាមមន្ទីរអង្គភាព
៧). បញ្ហាផ្សេងៗ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ឈុន ឈន់ លើកឡើងថា ដើម្បីឲ្យខេត្តកំពង់ធំយើងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើការបំពេញ ភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដូច្នេះហើយយើងត្រូវធ្វើការតែងតាំងបំពេញភារកិច្ចបន្ថែមដល់មន្រ្តីក្នុងមន្ទីរអង្គភាពមួយចំនួន។ លើសពីនេះទៅ ទៀតការចុះជួយមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរអង្គភាព ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ មួយវិញទៀតការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ គឺជាគន្លឹះនៃការអភិវឌ្ឍខេត្តយើងដ៏ពិតប្រាកដ ភាពរីកចម្រើននៃជីវភាពរបស់ពួកគាត់ ឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខេត្តដែលធ្វើឲ្យប្រទេសជាតិយើងរក្សាបាននូវកំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំបន្តទៀត។ ម្យ៉ាងវិញទៀតការបង្កើនលើផ្នែកទេសចរណ៍ក៏មានសារៈសំខាន់ណាស់ដែរ គឺអាចជួយបង្កើនជីវភាពតាមរយៈការលក់ដូរផលិតផលនៅក្នុងស្រុកមួយចំនួនផងដែរ។