រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួប១០០ឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ “កិច្ចគាំពារសង្គមដើម្បីផលិតភាព” ដែលធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយពីបានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួចមក ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់កម្មករ កម្មការិនីដែលបានចូលរួមចំនួនប្រមាណ៥០០នាក់ ឱ្យចាកឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសធ្វើឱ្យមានបញ្ហាដល់គ្រួសារ និងសង្គម។ មួយវិញទៀត បងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ដោយពេលបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីរបស់យើងត្រូវចេះទទួលខុសត្រូវ យកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ហើយត្រូវរៀនធ្វើម្ចាស់ដោយខ្លួនឯង។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្តក៏បានធ្វើសំណូមពរដល់ក្រុមហ៊ុនវៀតណាមអភិវឌ្ឍន៍កៅស៊ូទាំង៩ក្រុមហ៊ុន ត្រូវគោរពឱ្យបាននូវកិច្ចសន្យាដែលត្រូវមាន៖ សាលារៀន ផ្ទះកម្មករស្នាក់នៅ ប្រព័ន្ធទឹកស្អាត មណ្ធលសុខភាពនៅក្នុងក្រុមហ៊ុនរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ហើយរដ្ឋបាលខេត្តនឹងចុះពិនិត្យមើលកិច្ចការនេះឱ្យបានហ្មត់ចត់បំផុត។
សូមបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារគឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ ពិធីសំណេះសំណាលនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងក្រុមហ៊ុនតាន់បៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ៕