រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សហរដ្ឋអាមេរិក ផ្តល់ថវិកាដល់គម្រោងភាពជាដៃគូនៃចីរភាពធនធានទឹកក្នុងតំបន់ជម្រាលស្ទឹងជីនិតខេត្តកំពង់ធំ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការគ្រប់គ្រងអាងទឹកស្តឹងជីនិត នៃតំបន់ទីជម្រាលស្ទឹងជីនិតក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពទឹក របស់ប្រជាពលរដ្ឋ ដែលរស់នៅទីជម្រាលស្ទឹងជីនិត ដែលជាស្ទឹងដែលមានសារៈសំខាន់បំផុត សម្រាប់គាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីភ្ញៀវអន្តរជាតិ និងគណៈកម្មការគ្រប់គ្រងស្ទឹងជីនិតជាច្រើនរូប នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលបានផ្តល់ថវិកាដល់គម្រោងភាពជាដៃគូរធនធានទឹកក្នុងតំបន់ស្ទឹងជីនិតក្នុងគោលបំណងនៃការរៀបចំគណៈកម្មការ គ្រប់គ្រងអាងទឹកស្តឹងជីនិត ក្នុងខេត្តកំពង់ធំ គឺក្នុងគោលដៅ ទី១ ផ្តល់សុខសុវត្ថិភាពទឹក ដែលមានសារៈសំខាន់សម្រាប់ជីវិត គឺផ្តល់សុខភាពសាធារណៈ បរិភោគទឹកស្អាត និងមានអនាម័យជាតម្រូវការចម្បងបំផុតសម្រាប់មនុស្សជាតិ ទី២ ការបង្កើតប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ពឹងផ្អែកយ៉ាងខ្លាំងទៅលើការទទួលបានទឹកគ្រប់គ្រាន់សម្រាប់ការងារកសកម្ម ទី៣ មាននិរន្តរភាពបរិស្ថាន នៃលំហូរទឹកធម្មជាតិ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋប្រចាំថ្ងៃ និងកាត់បន្ថយគ្រោះមហន្តរាយ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងសាយភាយជាតិពុល ដែលអាចបង្ករឲ្យគ្រោះមហន្តរាយដល់អាយុជីវិត ដែលវាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ សំណូមពរឲ្យមានការចូលរួមពីសំណាក់ អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាទឹក ប្រកបដោយអានាម័យ ចៀសវាងបងប្អូនប្រជាពលរដ្ឋនៅខ្សែទឹកក្រោម ប្រើប្រាស់ទឹកមានជាតិពុល បណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ ទន្ទឹមនោះដែរ ឯកឧត្តម សូមគាំទ្រយ៉ាងខ្លាំង នូវការអនុវត្តភាពគម្រោងភាពជាដៃគូរនៃ ស្ថេរភាពធនធានទឹក ក្នុងតំបន់ទីជម្រាលស្ទឹងជីនិត នៃអាងទន្លេសាប និងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ ការសម្របសម្រួល និងសហការយ៉ាងពេញលេញ ដើម្បីបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ប្រកបដោយជោគជ័យ ដែលជាផលប្រយោជន៍ រួមរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ឯកឧត្តម បានផ្តាំផ្ញើដល់លោក លោកស្រី ដែលជាគណៈកម្មការគ្រប់គ្រងអាងទឹកស្ទឹងជីនិតទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចូលរួមពិភាគក្សាឲ្យបានផុលផុស ប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់សន្តិសុខទឹកក្នុងតំបន់ជម្រាលស្ទឹងជីនិត នៃខេត្តកំពង់ធំ ឲ្យបានកាន់តែប្រសើឡើង នាពេលអនាគត ៕

Related Post