រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ស្រុកកំពង់ស្វាយ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះខ្យល់កន្ត្រាក់បានវាយប្រហារចំនួនពីរលើកផ្ទួនៗគ្នា

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ព្រមទាំងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់​វាយប្រហាជាលើកទី២កាលពីថ្ងៃទី០៩-១០ ខែឧសភា កន្លងទៅនេះ ចំនួន៥៣គ្រួសារនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តមបានថ្លែងថា ក្នុងនាមជាអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សូមចូលរួមសោកស្តាយចំពោះបងប្អូន​ដែល​​ទទួល​រងគ្រោះដោយបាតុភូតធម្មជាតិខ្យល់​កន្រ្តាក់នេះ និងសូមពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ការនឹក​រលឹក ពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសាខា​កាក​បាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ ឯកឧត្ដម​បានបន្តទៀតថាអំណោយសប្បុរសធម៌​ទាំងអស់​នេះ បានមកពីការបរិច្ចាគរបស់សប្បុរសជននានា នៅក្នុង​ពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

សូមរឮកថា ខ្យល់កន្ត្រាក់បានវាយប្រហារស្រុកកំពង់ស្វាយចំនួន២លើកជាប់ៗគ្នា ក្នុងរយៈពេលតែ​១សប្ដាហ៍​ប៉ុណ្ណោះ គឺលើកទី១ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានគ្រួសាររងគ្រោះចំនួន២៨គ្រួសារ និងលើកទី២ នៅថ្ងៃទី ០៩-១០ ខែឧសភា ឆ្នាំ២០១៩ មានគ្រួសាររងគ្រោះចំនួន៥៣គ្រួសារ៕

Related Post