រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ចជំហាន២ (LASED II) បានទទួលជួបមន្ត្រីសិទ្ធិមនុស្សនៃ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ដើម្បីស្វែងយល់ពី ដំណើរការ ការងារគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ស្តិតនៅក្នុងឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
បន្ទាប់ពីបានជួបពិភាក្សាសាកសួរព័ត៌មានអស់រយៈពេលជាង២ម៉ោងរួចមក មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) បានយល់អំពីស្ថានភាពអនុវត្តគម្រោងសម្បទានសង្គមកិច្ច នឹងបានយល់អំពីការចាប់ខ្លួនលោកស្រី អ៊ាវ ម៉េង មិនមែនទាក់ទងនឹងករណីតវ៉ាដីធ្លីទេ គឺទាក់ទងនឹងករណីបង្កហិង្សា។ ក្នុងឱកាសនោះដែររដ្ឋបាលខេត្តក៏សូមស្វាគមន៍ដល់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការ ក្រៅរដ្ឋាភិបាលនានា ដែលបានចុះសិក្សាស្វែងយល់ព័ត៌មានពិតពីគម្រោង និងស្នើសុំឲ្យបន្តចូលរួមគាំទ្រ និងសហការ ជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគម្រោង LASED II ដើម្បីរួមគ្នាដោះស្រាយនូវ ទុក្ខកង្វល់នានា របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ អង្គប្រជុំបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយនិងយោគយល់គ្នា។
សូមរំលឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៩កន្លងមក ក្រុមប្រឹក្សាឃុំដូង បានប្រជុំឯកភាពគ្នា ស្នើសុំរៀបចំដីដែលជាតំបន់វាលស្មៅ និងជាតំបន់ព្រៃរេចរឹល ធ្វើជាដីសម្បទានសង្គមកិច្ច ដោយសំអាងថា ពុំមានប្រជាពលរដ្ឋបង្កបង្កើនផល និងប្រើប្រាស់អាស្រ័យផលលើដីទាំងនេះឡើយ ហើយដោយមានគ្រួសារក្រីក្រ នៅក្នុងឃុំដូងខ្វះដីលំនៅឋាន និងដីកសិកម្មប្រមាណ៨១១គ្រួសារ ដែលបានកំណត់និងវាយតម្លៃយ៉ាងច្បាស់លាស់ ពីអាជ្ញាធរភូមិ ឃុំ ចាស់ទុំព្រឹទ្ធាចារ្យក្នុងស្រុក ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ជាតិ ហើយគ្រួសារក្រីក្រទាំងនេះ គឺមានភូមិសាស្ត្រនៅក្នុងឃុំដូង មិនមានមកពីខាងក្រៅឡើយ៕