រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំបន្តធ្វើការងាររបស់ខ្លួន រក្សាសាមគ្គីភាព ឯកភាពគ្នា និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន៣៣រូប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបន្តថា សាមគ្គីភាព ឯកភាព មិនមែនកើតឡើងតែពីប្រធានមន្ទីរអង្គភាពម្នាក់ឯងនោះទេ ហើយរាល់ការបែកបាក់នៅក្នុងមន្ទីរអង្គភាពមួយ ក៏មិនមែនបណ្ដាលមកតែពីប្រធានមន្ទីរអង្គភាពតែម្នាក់ឯងនោះដែរ គឺត្រូវមានអង្គពីរ មន្រ្តី និងថ្នាក់ដឹកនាំ។ បើអង្គទាំងពីរនេះ ចេះធ្វើការជាមួយគ្នា ចេះសហការគ្នា ចូលរួមទទួលខុសត្រូវទាំងអស់គ្នា នោះអង្គភាពនឹងមានការរីកចម្រើន។ ដូចគ្នាដែរ រាល់ការតែងតាំងប្រសិនបើគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានត្រឹមត្រូវនោះ វានឹងមិនមានបញ្ហាអ្វីនោះទេ ហើយរាល់តំណែងទាំងអស់នេះ ក៏មិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះដែរ។ ដូច្នេះនៅពេលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំប្រគល់ភារកិច្ចឲ្យ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ អនុវត្តការងារតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនេះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឲ្យបានល្អ ហើយត្រូវខិតខំសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន និងត្រូវស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាឲ្យបានច្បាស់លាស់ ព្រោះការដឹកនាំ ការគ្រប់គ្រងរដ្ឋបាលសាធារណៈ មិនមែនធ្វើតាមការនឹកឃើញនោះទេ។
សូមបញ្ចាក់ថាមន្ត្រីរាជការចំនួន៣៣រូបដែលត្រូវប្រកាសចូលកាន់តំណែងនាព្រឹកនេះគឺ មកពីរចនាសម្ព័ន្ធសាលាខេត្ត២៣រូប មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន៣រូប មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តចំនួន៦រូប និងមន្ទីរមុខងារសាធារណៈខេត្តចំនួន១រូប៕