រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកម្មវិធីឈ្វេងយល់បុណ្យអាសាឡ្ហបូជា

រដ្ឋបាលខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយពុទ្ធិ​ក សាកលវិទ្យាល័យសីហនុរាជ និងក្រុមហ៊ុនផ្កាឈូក បានរៀបចំកម្មវិធីឈ្វេងយល់បុណ្យអាសាឡ្ហបូជា ក្រោមព្រះ អធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានការ ចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី និងសិស្សានុសិស្ស ប្រមាណ៩០០ អង្គ/នាក់។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំដែងនូវមនោសញ្ចេតនា សទ្ធាជ្រះថ្លា និងក្តីសោមនស្សរីករាយ ប្រកប ដោយបុណ្យកុសលយ៉ាងក្រៃលែង ចំពោះព្រះគណៈអធិបតី ព្រះមេគណ សហការីគណគ្រប់ខេត្ត ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី និងសិស្សានុសិស្សទាំងអស់ ដែល បានចូលរួមក្នុងកម្មពិធីឈ្វេងយល់អំពីបុណ្យអាសាឡ្ហបូជា ដែលជាពិធីសំខាន់មួយ ក្នុងព្រះពុទ្ធសាសនា។

ពិធីបុណ្យអាសាឡ្ហបូជានេះ គឺប្រារព្ធធ្វើឡើង ដើម្បីបូជាចំពោះព្រឹត្តិការណ៍ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា គឺរំព្ញកដល់ ព្រឹត្តិការណ៍ទាំង៥ របស់ព្រះពុទ្ធបរមគ្រូ គឺថ្ងៃដែលទ្រង់ចុះចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះមាតា ថ្ងៃទ្រង់ចេញសាង បព្វជ្ជា(ចេញបួស) ថ្ងៃទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ(សម្តែងបឋមទេសនា) ថ្ងៃទ្រង់បង្កើតភិក្ខុសង្ឃជាលើកដំបូង (ស្ថាបនាព្រះសង្ឃ) និងថ្ងៃព្រះអង្គសម្តែងយមកប្បាដិហារ្យ ដែលព្រឹត្តិការណ៍ទាំង៥ នេះបានកើតឡើងនៅចំ ថ្ងៃពេញបូណ៌មី ខែអាសាឍ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ជាធម្មតានៅក្នុងថ្ងៃ១៥កើត ខែអាសាឍ ប្រជាពុទ្ធបរិស័ទតែងតែ ធ្វើដំណើរទៅវត្តអារាមណាមួយដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធីបុណ្យអាសាឡ្ហបូជា មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយផ្កាភ្ញី ការធ្វើបទនមស្ការព្រះរតនត្រៃ ការស្តាប់ធម្មទេសនា និងការសូត្រធម៌បទផ្សេងៗ ដើម្បីបានទទួលនូវអានិសង្សដែលកើតឡើងពីការធ្វើទាន ការរក្សាសីល និងដើម្បីក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងជីវិតប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ព្រះសង្ឃពេលសម្ដែងធម៌ទេសនា សូមជួយផ្សព្វផ្សាយ និងធ្វើការអបរំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរព ច្បាប់ចរាចរ ចៀសឆ្ងាយពីគ្រឿងញាណ ព្រោះវាបំផ្លាញអាយុជីវិត ទ្រព្យសម្បត្តិបងប្អូន ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង៕

Related Post