រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម សុខ លូ «ទឹកត្រជាក់ត្រីកុំ» ក្រុមហ៊ុនល្អ កម្មករ កម្មការិនី ស្រលាញ់ក្រុមហ៊ុននឹងខិតខំធ្វើការងារបម្រើឲ្យក្រុមហ៊ុន!

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករក្រុមហ៊ុន​ចម្ការកៅស៊ូតាន់បៀន និង​ប្រជាពលរដ្ឋរស់នៅបរិវេណជុំវិញចម្ការកៅស៊ូរបស់ក្រុមហ៊ុន នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា «ទឹកត្រជាក់ត្រីកុំ» ក្រុមហ៊ុនល្អ កម្មករ កម្មការិនីស្រលាញ់ក្រុមហ៊ុននឹងខិតខំធ្វើ​ការងារ​បម្រើ​ឲ្យក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុនត្រូវ ឆ្លុះកញ្ចក់មើលខ្លួនឯង ថាតើលក្ខខណ្ឌការងារអ្វីខ្លះដែលមិនទាន់បានបំពេញ បានជា​កម្មករ​មិនពេញចិត្ត ហើយឈប់ច្រើន។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម​សមាជិកក្រុមប្រឹក្សា​ខេត្ត ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ អាជ្ញាធរដែនដី កម្មករ កម្មការិនី និងប្រជាពលរដ្ឋ​ប្រមាណជាង៨០០នាក់។

បន្ទាប់ពីមន្រ្តីមន្ទីរការងារបានធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ នៃប័ណ្ណ ប.ស.ស និងស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀនរួចមកឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវ​ដល់កម្មករ កម្មការិនីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ បំពេញការងាររបស់ខ្លួនឲ្យបានល្អ ចូលរួមទប់ស្កាត់​រាល់អំពើ​បទល្មើស​លួចជ័រកៅស៊ូ ដែលជាអំពើមិនត្រឹមត្រូវ ខុសនឹងច្បាប់ ហើយចៀសឲ្យឆ្ងាយពីគ្រឿងញៀន ធ្វើខ្លួនក្លាយជា​កម្មករគំរូសម្រាប់កូនចៅយើង ជំនាន់ក្រោយ ហើយត្រូវចាត់ទុកក្រុមហ៊ុនជាឆ្នាំងបាយរបស់បងប្អូន។ ដើម្បីការពារប្រយោជន៍ ទាំងសងខាង ឯកឧត្ដម សុខ លូ ក៏បានបានស្នើឱ្យក្រុមហ៊ុនទាំងអស់ត្រូវខិតខំគោរពតាមកិច្ចសន្យាដែលមានហើយ ព្រោះ​វាជា​ការ​សំខាន់ណាស់ មិនអាចប្រើតែកម្មករ ហើយមិនមានផ្ទះស្នាក់នៅ ប្រព័ន្ធទឹកស្អាត សាលារៀន មណ្ឌលសុខភាព​សម្រាប់​ពួកគាត់នោះទេ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយគេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់​ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។ ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេស​ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕

Related Post