រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ពិធីលែងកូនត្រីពូជ ៥ម៉ឺនក្បាល និងមេពូជ ១០០ គីឡូក្រាម នៅអាងទឹក​ស្ទឹងជីនិត​(ទំនប់ទឹក១មករា) ស្រុកសន្ទុក

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីលែងត្រីពូជ ចូលក្នុងអាងទឹកស្ទឹងជីនិត ស្រុកសន្ទុក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ​បានលើកឡើងថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះក្នុងន័យបំផុសមហាជន ឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឲ្យបានយល់ជ្រួតជ្រាបដល់​គ្រប់ស្រទាប់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសកូនចៅជំនាន់ក្រោយសំដៅធានាដល់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានជលផលឲ្យ​មាននិរន្តរភាពតាម​យុទ្ធសាស្ត្រ​កំណែទម្រង់វិស័យជលផលដ៏ស៊ីជម្រៅ​របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមជាមន្រ្តី ខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការ​ផ្សព្វផ្សាយច្បាប់​ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទ​ឲ្យមាន​​ប្រសិទ្ធិភាព ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរពាក់ព័ន្ធ។ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចឲ្យបានរឹងមាំ។ រៀបចំការបោះបង្គោលព្រំ​កន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សា​ព្រៃលិចទឹក​ឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យ ធ្វើការនេសាទខុសច្បាប់ដោយ​ប្រើ​ឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុង​នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរ​ត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅ​ឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល បានអានរបាយការណ៍អំពីស្ថានភាព អាងទំនប់ទឹក១ មករា និងបាន​បញ្ជាក់ថា ពិធីនេះ ជាលើកទី១៧ហើយ ហើយថ្ងៃនេះយើងនឹងរៀបចំពិធីប្រលែងកូនត្រីពូជចំនួន ៥ម៉ឺនក្បាល ដោយក្នុងនោះ​កូនត្រីឆ្ពិន៤៥ពាន់ក្បាល និងកូនត្រីប្រលូង ៥ពាន់ក្បាល និងត្រីមេពូជ ចំនួន១០០គីឡូក្រាម មានត្រី ក្រាញ់ ត្រីផ្ទក់ត្រីអណ្ដែង និង អន្ទង់។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅអាងទំនប់ទឹក១មករា ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ៥០០នាក់៕

Related Post