រដ្ឋបាលខេត្តកំពង់ធំ៖ ខេត្តកំពង់ធំរបស់កម្ពុជា ដែលជាខេត្តមួយស្ថិតនៅកណ្ដាលប្រទេសកម្ពុជា បានទទួលជួបពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាស្ដីពីកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពគ្នា ជាមួយទីក្រុង Panzhou ខេត្ត Guizhou នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។
ការចុះហត្ថលេខាលើកំណត់ហេតុនៃជំនួបពិភាក្សាស្ដីពីកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពគ្នានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ដោយភាគីកម្ពុជា, ខេត្តកំពង់ធំតំណាងដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ហើយភាគីចិន តំណាងដោយលោក លី លីងប៊ូ (Li Lingbo) អភិបាលក្រុង Panzhou ខេត្ត Guizhou។
ឯកឧត្តម សុខ លូ បានលើកឡើងថា នេះជាការបោះជំហានទៅមុខរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការចាប់ដៃចងសម្ព័ន្ធមេត្រីភាព លើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍខេត្ត ឱ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន។
ក្នុងឱកាសនោះផងដែរ លោក Li Lingbo អភិបាលក្រុង Panzhou ខេត្ត Guizhou បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជាដែលបានទទួលស្វាគមន៍ ហើយបានលើកឡើងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនង កិច្ច សហប្រតិបត្តិការទៅវិញទៅមកយ៉ាងស៊ីជម្រៅ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅពេលពេលវេលាសមស្រប នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា សេចក្ដីសង្ខេបកិច្ចប្រជុំ ដែលភាគីទាំងបានចុះហត្ថលេខា បានបកប្រែចេញជា៣ភាសា គឺភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស។ កិច្ចប្រជុំនេះបានពិភាក្សាអំពីអត្ថប្រយោជន៍បំពេញបន្ថែម និងទំហំសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រវាងទីក្រុងផានចូវ និង ខេត្តកំពង់ធំ លើផ្នែកកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។ ភាគីទាំងពីរបានឯកភាពគ្នា បន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ រវាងទីក្រុងផានចូវ និងខេត្តកំពង់ធំ ដោយមិនមានកំណត់ និងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរទស្សនកិច្ច ធុរកិច្ចគ្នាទាំងសងខាង ការចរចាពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតាំងពិព័រណ៍ និងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដទៃទៀត៕