រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់នៅក្នុងអង្គសន្និសិទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា ការរៀបចំឲ្យមានព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីរក្សាមិត្តភាព សាមគ្គីភាព របស់ស្រុកយើង ក្រុមរបស់យើង ខេត្តរបស់យើង និងដើម្បីមុខមាត់យើងទាំងអស់គ្នា។
នាឱកាសនេះដែរឯកឧត្តម ក៏បានលើកឡើងថា នេះជាលើកទីមួយដែលរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ ឡើងក្នុងគោលបំណង ចង់ឲ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់វិស័យកីឡាចូលរួមប្រកួតឲ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តមក៏បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងបណ្ដាស្រុកនានាចូលរួមជួយគាំទ្រ និងមកទស្សនាព្រឹត្តិការណ៍បាល់ទាត់នេះឲ្យបានផុលផុស ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាកររបស់យើង ហើយគណៈកម្មការ រៀបចំទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីឲ្យព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់យុវជន ខេត្តកំពង់ធំ ឆ្នាំ២០១៩នេះ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់នេះមានក្រុមកីឡាមកពីក្រុង ស្រុក មន្ទីរ អង្គភាព និងស្ថាប័ននានា ក្នុងខេត្តកំពង់ធំ ចូលរួមចំនួន២០ក្រុម ចែកជា៤ពូល ការប្រកួតមានលក្ខណៈវិលជុំតាមពូលនីមួយៗ។ ពេលវេលានៃការប្រកួតគឺចាប់ផ្ដើមពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតារាងកងរាជអាវុធហត្ថខេត្ត កំពង់ធំ ហើយការប្រកួតបន្តបន្ទាប់គឺរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕