រដ្ឋបាលខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ តាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អ ហើយរក្សាឲ្យបានសាមគ្គីភាព ឯកភាពគ្នា និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធមន្ទីរ អង្គភាព ជុំវិញខេត្ត សរុបចំនួន៧រូប នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងដែរថា រាល់ការតែងតាំង ការប្រគល់ភារកិច្ច និងការរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រង និងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះមន្រ្តីដែលទើបទទួលការ តែងតាំងថ្មីទាំងអស់ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ អនុវត្តការងារតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រោះការដឹកនាំ ការគ្រប់គ្រងរដ្ឋបាលសាធារណៈមិនមែនធ្វើតាមការនឹកឃើញនោះទេ។ ម៉្យាងវិញទៀត ត្រូវខិតខំចុះធ្វើការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ។ ឯកឧត្តមក៏បានបន្តទៀតថា ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវរួមគ្នាធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ មិនត្រូវបណ្ដែតបណ្ដោយ ឲ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិតទៅទៀតនោះទេ។
នាឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿ តាមការឃោសនារបស់ជនអគតិមួយចំនួនតូច ដែលតែងតែ បង្កអសន្តិសុខ បង្កចលាចល អំពាវនាវឱ្យ បងប្អូនយើងងើបឡើងបះបោរ ប្រឆាំងនឹងរាជរដ្ឋាភិបាល របស់យើង និង ត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាពដែលរកបាន ដោយលំបាកនេះ ដើម្បីអនាគតកូនចៅរបស់យើងជំនាន់ក្រោយ។
សូមបញ្ចាក់ថានារសៀលនេះ មន្ត្រីរាជការចំនួន៧រូបដែលត្រូវប្រកាសចូលកាន់តំណែងរួមមាន៖ នាយខណ្ឌ រដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន១រូប អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តចំនួន៤រូប និងអនុប្រធានមន្ទីរ ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តចំនួន២រូប៕