រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ដឹកនាំកិច្ច ប្រជុំប្រចាំខែ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) ខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជានាយកកម្មវិធីថ្នាក់ខេត្ត Rice-SDP បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ច ប្រជុំប្រចាំខែ របស់អង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត (PIO-KPT) ដោយមានការចូលរួមពីមន្រ្តីបង្គោលមន្ទីរ ជំនាញ អ្នកគ្រប់គ្រង​កម្មវិធីក្រុង ស្រុក និងក្រុមការងារ SBK។

អ្នកគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត លោក យ៉ូវ សេងគុណ បានរាយការណ៍ពីវឌ្ឍនភាពនៃអង្គភាពអនុវត្តកម្មវិធី ខេត្តកំពង់ធំ ស្ដីពីការអនុវត្តសកម្មភាពផ្នែកកសិកម្ម, ការកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែ, ការអនុវត្ត សកម្មភាព​ផ្នែកធនធានទឹក និងការអនុវត្តសកម្មភាពផ្នែកផែនការប្រើប្រាស់ដីឃុំសង្កាត់។ លោក យ៉ូវ សេងគុណ ក៏បានលើកឡើងពីផែនការសកម្មភាពដែលត្រូវអនុវត្តបន្តផងដែរ រួមមាន៖ បណ្ដុះបណ្ដាលនិង​ពង្រឹងសមត្ថភាពដល់មន្រ្តី, បន្តសកម្មភាពគាំទ្រនិងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម, បន្តអនុវត្តកម្មវិធី​ផ្សព្វផ្សាយ​កសិកម្ម, សម្របសម្រួលសកម្មភាពនានាដែលអនុវត្តនៅក្នុងខេត្ត, និងបន្តតាមដាននិងជួយគាំទ្រ​សកម្មភាព​នានានៅ​មូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានសំណូមពរដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំស្វែងយល់ ពីកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) នេះ ឱ្យបានទូលំទូលាយបន្ថែមទៀត។ ប្រសិន មាន បញ្ហាអ្វីមួយដែលមិនទាន់ច្បាស់លាស់ ឬរាំងស្ទះ ត្រូវរាយការណ៍ ឬទំនាក់ទំនងផ្ដល់ព័ត៌មាន មកអ្នក គ្រប់គ្រងកម្មវិធីថ្នាក់ ខេត្ត ដើម្បីជួយសម្របសម្រួលការងារទាំងនោះ ពោលគឺមិនត្រូវទុកបញ្ហាទាំងនោះ ចោល ធ្វើឱ្យរាំងស្ទះ ដោយមិនរាយការណ៍នោះទេ។ ជាងនេះទៀត ស្នើលោកលោកស្រីទាំងអស់ ចូលរួមសហការណ៍ ធ្វើទាំងអស់គ្នា និងចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ដើម្បីឱ្យកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) នៃអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្តកំពង់ធំ (PIO-KPT) មានដំណើរការ ដោយរលូន និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) នេះ កំពុងអនុវត្តនៅខេត្ត​គោលដៅចំនួន៣គឺ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង។ ដោយឡែកខេត្តកំពង់ធំ កំពុងអនុវត្ត​ក្នុង៣០ឃុំ/សង្កាត់គោលដៅ ដែលមានក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកបារាយណ៍៕

Related Post