រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ចំនួន២៩០គ្រួសារ មកពី៧ភូមិ ក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ពូជស្រូវសែនក្រអូបចំនួន២៩តោននេះ បានមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតកន្លងមក ចំនួន២៩០គ្រួសារ មានផ្ទៃដីស្រែសរុប២១៥ហិកតា នៅភូមិឫស្សីជះ, តារាម, បាគង, ត្បែង(ក)(ខ) ពោធិ៍ និងត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ។
ឯកឧត្ដម សុខ លូ បានបន្តថា ការបែងចែកពូជស្រូវនេះគឺសមាមាត្រទៅនឹងផ្ទៃដីដែលគ្រួសារនីមួយៗមាន ហើយឯកឧត្ដមបានស្នើឱ្យមន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំ យកចិត្តទុកដាក់ជួយបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក និងបម្រើសេវាដល់បងប្អូនតាមមូលដ្ឋានឲ្យបានល្អ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ព្រោះជាគ្រាប់ពូជសុទ្ធល្អដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសំរិតសំរាំង ហើយនៅពេលទឹកចាប់ផ្ដើមស្រក បងប្អូនត្រូវចាប់ផ្ដើមយកគ្រាប់ពូជនេះទៅបង្កបង្កើនផលតាមដីស្រែរបស់បងប្អូន។
នាឱកាសនេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលកន្លងមកបានគាំទ្រ ស្មោះស្ម័គ្រ និងផ្ដល់ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមពាំនាំការផ្ដាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក ពីសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលលោក តែងតែគិតគូរ ពីសុខទុកបងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមក៏បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង កើតមាន នៅក្នុង ប្រទេស របស់យើង និងបានលើកឡើងពីគុណបំណាច់របស់រាជរដ្ឋាភិបាល ដែលខិតខំថែរក្សាសភាពការណ៍បានស្ងប់ស្ងាត់ល្អ ហើយបងប្អូនប្រជាពលរដ្ឋយើងរកស៊ីប្រកបរបរទទួលទាន និងធ្វើកិច្ចការផ្សេងបានសេចក្ដីសុខគ្មានអ្វីរំខាននោះឡើយ។
សូមបញ្ជាក់ថាបន្ទាប់ពីពិធីសំណេះសំណាល់ចប់ នៅព្រឹកថ្ងៃនេះដែរ ឯកឧត្តមអភិបាលខេត្តនិងសហការី បានចុះពិនិត្យកន្លែងដាំបន្លែដែលមិនប្រើប្រាស់ថ្នាំគីមី របស់កសិករឈ្មោះ សែម សុខា ដែលមានដាំបន្លែចំរុះរួមមាន៖ ត្រសក់ចំណារ ត្រសក់ស្រូវ ប៉េងប៉ោះ និងសណ្ដែកកួរ លើផ្ទៃដី១ហិកតា ស្ថិតនៅភូមិស្នោរ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយផងដែរ៕