រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ត្រួតពិនិត្យការហាត់សមកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរក្សានូវសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត

នៅក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យការហាត់សមកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងបរិវេណស្នងការនគរបាលខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ថ្លែងថា ការហាត់សមកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទនេះ ដើម្បីចូលរួម ថែរក្សាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ឲ្យស្ថិតថេរគង់វង្ស ព្រមទាំងរួមគ្នាប្រឆាំងដាច់ខាតនៅឧបាយកល របស់ក្រុម ឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តូលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងសមត្ថកិច្ចទាំង ៣ស្ថាប័ន ជាច្រើននាក់ផងដែរ។

លើសពីនេះ ឯកឧត្តមបន្តទៀតថា កម្លាំងទាំងអស់នេះ មិនបានទៅគំរាមកំហែងនរណាម្នាក់នោះទេ គឺយើងទុកត្រៀម សម្រាប់ការពារសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ជាពិសេសនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ រដ្ឋបាល ខេត្តកំពង់ធំ រៀបចំពិធីបុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មី និងពិធីហូបអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន ជាពិសេសមានចែកអំបុកជូនបងប្អូនប្រជាពលរដ្ឋ ដែលបាន អញ្ជើញធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារដោយឥតគិតថ្លៃ លុះនៅពេលរាត្រី មានការប្រគុំតន្ត្រី បាញ់កាំជ្រួចដើម្បី អបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើង។ ចំណែកឯនៅថ្ងៃទី ១១ វិច្ឆិកា ២០១៩ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យអកអំបុក និងសំពះព្រះខែ ព្រមទាំងមានការរៀបចំធ្វើពិធីដាល់អំបុកនៅសួនច្បារ នៅតាម ដងស្ទឹងសែន ក្នុងពេលរាត្រីផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវ ដល់កងកម្លាំងទាំងអស់ ត្រូវរួមគ្នាប្តេជ្ញាថែរក្សាសន្តិភាពដែលយើងកំពុងតែមានដូចសព្វថ្ងៃនេះអោយបានជាដាច់ខាត ហើយ ការពាររាជរដ្ឋាភិបាលដែលកើត ចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហារ រាជរដ្ឋាភិបាល ឬក្រុមដែលចង់បង្កអស្ថេរភាពសង្គម ដោយមិនអោយក្រុមនេះធ្វើអ្វីបានជាដាច់ខាត៕

 

Related Post