រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វគ្គផ្សព្វផ្សាយស្ដីពីដំណើរការនៃការសមារណកម្មបុគ្គលិកដែលបម្រើការនៅរដ្ឋបាល និងការិយាល័យជំនាញ នៅក្នុងរចនាសម្ព័ន្ធថ្មីរដ្ឋបាលក្រុង/ស្រុក

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតី ក្នុងវគ្គផ្សព្វផ្សាយស្ដីពីដំណើរការនៃ ការសមាហរណកម្មបុគ្គលិកដែលបម្រើការងារនៅរដ្ឋបាល និងការិយាល័យជំនាញ នៅក្នុងរចនាសម្ព័ន្ធថ្មីនៃ​រដ្ឋបាលក្រុង/ស្រុក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋបាលខេត្តកំពង់ធំ ប្រធានអនុប្រធាន​មន្ទីរជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក នៅរសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលខេត្តកំពង់ធំបានឡើងធ្វើរបាយការណ៍ពីការ​ធ្វើសមាហរណកម្ម​ការិយាល័យនៅ​ថ្នាក់ស្រុក​និងផ្សព្វផ្សាយ​រចនាសម្ព័ន្ធថ្មីរបស់​រដ្ឋបាលស្រុក។ ក្នុងករណីមុខងារនៃវិស័យណាមួយដែល​បានផ្ទេរមកហើយ​ពុំមាន​បុគ្គលិក ត្រូវបានផ្ទេរមកជាមួយរដ្ឋបាលក្រុង/ស្រុក​ត្រូវរៀបចំឱ្យមានបុគ្គលិកទទួលខុសត្រូវលើមុខងារនោះ។ ក្នុងករណីនេះ​ក្រសួងស្ថាប័ននៃវិស័យជំនាញត្រូវផ្ដល់ការ​បណ្ដុះបណ្ដាលជាបន្ទាន់ដល់មន្ត្រីទាំងនោះ។ លោកនាយករដ្ឋបាលបានបន្តថា ដំណើរការនៃធ្វើសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារនៅថ្នាក់ក្រោមជាតិ មានគោល ដៅធានាប្រសិទ្ធភាព ការពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌, ធានាអត្ថប្រយោជន៍នានារបស់បុគ្គលិក, ធានានិរន្តរ ភាពការងារ និងការផ្តល់សេវានានា, និងធានាការធ្វើសមាហរ ណ កម្មស្របតាម ជំនាញ របស់បុគ្គលិក។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងក្នុងកម្មវិធីនេះ រដ្ឋបាលក្រុង/ស្រុក អាចស្នើបង្កើត លុប និងកែសម្រួលការិយាល័យ និងអង្គភាពនានាផ្អែក​តាមទំហំការងារ សក្តានុពលសេដ្ឋកិច្ច និងតម្រូវការជាអទិភាពរបស់រដ្ឋបាលស្រុក​នីមួយៗមក​ក្រសួងមហាផ្ទៃ​ដើម្បី​ពិនិត្យនិងលើកយោបល់ជូនរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ក្នុងករណីមានការបង្កើតការិយាល័យ​និងអង្គភាពបន្ថែមដោយបំបែកចេញពីការិយាល័យនិងអង្គភាពណាមួយ មុខងារ តួនាទី ភារកិច្ចរបស់ការិយាល័យ​និងអង្គភាព​បង្កើតថ្មីនេះត្រូវផ្ទេរចេញពីការិយាល័យនិងអង្គភាពដើម។

ឯកឧត្តមបានអំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក លើការងារគ្រប់គ្រង និងភារកិច្ចលើការងារមួយចំនួនគឺ ការគ្រប់គ្រង ការចាត់ចែងនិងប្រើប្រាស់បុគ្គលិករបស់​រដ្ឋបាលស្រុក ការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍ​សមត្ថភាពបុគ្គលិក ការគ្រប់គ្រង​បុគ្គលិកផ្សេងៗ​ទៀតតាមការផ្ទេរសិទ្ធិអំណាចពីរដ្ឋាភិបាល ឬក្រសួងស្ថាប័នផ្សេងៗ ការងារផ្សេងៗទៀតតាមការប្រគល់​ភារកិច្ចរបស់អភិបាលស្រុក។

Related Post