(រដ្ឋបាលខេត្តកំពង់ធំ)៖ ដើម្បីឲ្យគោលនយោបាយទឹកសម្រាប់ការងារបង្កបង្កើនផលមានភាពកាន់តែល្អ និងប្រសើរឡើង ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាបលរដ្ឋទាំងអស់ ត្រូវយល់ដឹងពីសារៈសំខាន់របស់ទឹក ត្រូវមានវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំសំចៃទឹកទុកសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ នារដូវប្រាំងខាងមុខនេះ គឺ មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយនោះឡើយ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្រី្តមេម៉ាយ ចាស់ជរា និងជនពិការ នៅឃុំកំពង់ចិនជើង ស្រុកស្ទោង ចំនួន៤០គ្រួសារ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ចំនួន ៣៦គ្រួសារ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងភរិយាថ្នាក់ដឹកនាំ ក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ជាច្រើនរូបផងដែរ។
ឯកឧត្តមបន្ថែមទៀតថា ចំពោះស្រែប្រាំង គឺធ្វើបានតែមួយដងគត់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាទឹកទុក ហើយត្រូវត្រៀមអន្តរាគមន៍សង្រ្គោះស្រូវចុងរដូវនៅពេលស្រូវជិតប្រមូលផល និងត្រៀមវិធានការបែងចែកទឹកសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំរួមផ្សំ។ ហើយការជួបប្រទះបញ្ហាទាំងនេះ មិនមែនតែនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺនៅគ្រប់បណ្តាប្រទេស ក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរគ្រោះរាំងស្ងួត ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង។
ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់ពុកម៉ែបងប្អូន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ សម្អាតបរិស្ថានជុំវិញផ្ទះ បរិភោគអាហារដែលមានជីជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ខិតខំបង្កបង្កើនផលទៅតាមមុខរបរជំនាញរៀងៗខ្លួន ជាពិសេសត្រូវចិញ្ចឹមសត្វ និងដំាដំណាំងរួមផ្សំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកម្រិត។ ជាងនេះទៅទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអប់រំកូនចៅត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។
គួរជម្រាបថា អំណោយមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចែកជូននៅពេលនេះ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង អាវយឺត ២៕