(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះតាមគោលដៅនៃក្រុង-ស្រុកនីមួយៗ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។
ការចុះត្រួតពិនិត្យនេះធ្វើឡើងនាវេលារំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ខណៈការដាក់បទបញ្ជានេះ គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្ន ដោយការនាំចូលពីប្រភពខាងក្រៅ ដល់ដំណាក់កាលនៃការឆ្លងដល់ប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេស។
ប៉ុន្តែទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖
* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។
* រថយន្តពន្លត់អគ្គីភ័យ។
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។
បទបញ្ជានេះមានសុពលភាពអនុវត្តចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ធំមាន ៩ក្រុង-ស្រុក
*ទីតាំងទី១ គឺសាលាស្រុកតាំងគោក
*ទីតាំងទី២ ស្រុកបារាយណ៍ ស្ថិតនៅសាលាស្រុកបារាយណ៍ និងទីតាំងផ្លូវជាតិលេខ៧១
*ទីតាំងទី៣ សាលាស្រុកសន្ទុក
*ទីតាំងទី៤ ក្រុងស្ទឹងសែន ស្ថិតនៅសាលាសង្កាត់ស្រយ៉ូវ និងផ្លូវបំបែកកំពង់ធំ-ព្រះវិហារ-សៀមរាប
*ទីតាំងទី៥ សាលាស្រុកកំពង់ស្វាយ
*ទីតាំងទី៦ សាលាស្រុកស្ទោង
*ទីតាំងទី៧ សាលាស្រុកប្រាសាទបល្ល័ង្ក
*ទីតាំងទី៨ សាលាស្រុកប្រាសាទសំបូរ
*ទីតាំងទី៩ សាលាស្រុកសណ្ដាន់៕