រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ដោយមាន​ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី នាព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២០ នៅសាលា​ខេត្តកំពង់ធំ។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឈុន ឈន់ បានលើកយករបៀបវារៈនៃកិច្ចប្រជុំរួមមាន៖

  1. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត
  2. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
  3. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំត្រីមាស ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្ត
  4. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្ដីពី វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​ខេត្តអាណត្តិទី៣ ឆ្នាំ ២០១៩
  5. បញ្ហាផ្សេងៗ។

បន្ទាប់ពីអង្គរជុំបានលើកយករបៀបវារៈនីមួយៗ មកពិភាក្សា និងអនុម័ត រួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានលើកឡើងពីបញ្ហាអគ្គីសនី បញ្ហាទឹកស្អាត និងវិស័យអប់រំផងដែរ។ លើសពីនេះ ឯកឧត្តម សុខ លូ បានជំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេស សូមមន្ត្រីជំនាញ ធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ឲ្យបានទូលំទូលាយ និងប្រកប​ដោយ​​ប្រសិទ្ធិភាព ។ ម្យ៉ាងវិញទៀត សូមមន្ត្រីជំនាញដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ សូមធ្វើ​ការ​ផាក​ពិន័យស្របទៅតាមច្បាប់កំណត់ និងគោរពតាមគោរការណ៍របស់ថ្នាក់លើប្រគល់ជូន។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសសើរដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលបានខិតខំប្រឹងប្រែងធ្វើការងាររបស់ខ្លួនមានលក្ខណៈល្អប្រសើរ ប៉ុន្តែនៅតែនៅមានភាពខ្វះចន្លោះ។ ក្នុងនោះ ឯកឧត្តម ឈុន ឈន់ បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាពទាំងអស់ ត្រូវខិតខំត្រួតពិនិត្យ​លើ​កិច្ចការងាររបស់បន្ថែមទៀត និងចាត់មន្ត្រីក្រោមឱវាទ ចុះជួបប្រជាពលរដ្ឋនៅតាមមូលរដ្ឋាន ដើម្បីស្តាប់នូវ​បញ្ហាដែលពួកគាត់​កំពុងជួបប្រទះ ជាពិសេសពាក់ព័ន្ធនឹងវិស័យអគ្គីសនី វិស័យទឹកស្អាត វិស័យអប់រំ ជាដើម ដើម្បីញធ្វើការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព៕

Related Post